បច្ចេកវិទ្យា

អាថ៌កំបាំង 6ចំណុចរបស់លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ដែលអ្នកមិនដែលដឹងសោះ! ចំណុចខ្លះអាចធ្វើឲ្យអ្នកហួសចិត្ត សើច រឺអាណិតផងដែរ

BY
Khmernote Media
May 17, 2018

លោក Tim Cook ត្រូវបានគេស្គាល់ថា ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលមានជាងគេលើពិភពលោក ហើយស្របពេលជាមួយគ្នានេះ មានមនុស្សតិចណាស់ដែលធ្លាប់ឃើញ ស្គាល់ រឺស្វែងយល់ពីគាត់ ពោលគឺអ្វីដែលជាឯកជនភាពរបស់លោក គឺមិនងាយមាននរណាដឹងឡើយ។ ដោយឡែក ខាងក្រោមនេះគឺជាសកម្មភាពទាំង 6ចំណុចដែលលោកនាយកប្រតិបត្តិរូបនេះតែងធ្វើជាប្រចាំ៖

1/ លោក Tim Cook គឺជាមនុស្សដែលក្រោកពីព្រលឹម

លោក Cook តែងក្រោកពីដំណេកលឿនណាស់នៅពេលព្រឹក ពោលគឺតាំងពីខ្ទង់ម៉ោង 3:45 AM ឯណោះ។ អ្វីដែលគាត់ធ្វើបន្ទាប់គឺផ្ញើម៉ែលចេញនៅម៉ោង 4:30 AM ហើយរហូតដល់ម៉ោង 5:300 AM គាត់ទៅហាត់ប្រាណ។ បើនិយាយពីការហាត់ប្រាណ លោក Cook គឺជាមនុស្សដែលមានកាយសម្បទាល្អ និងមាំមួនផងដែរ។

2/ លោក Steve Jobs គឺជាអ្នកនាំ Tim Cook ឲ្យចូលរួមជាមួយក្រុមហ៊ុន Apple

ដើមឡើយលោក Cook ពុំមែនជាសមាជិករបស់ក្រុមហ៊ុន Apple ឡើយ ហើយមុនពេលចូលក្រុមហ៊ុននេះ គាត់បានបម្រើការងារឲ្យក្រុមហ៊ុន IBM អស់រយៈពេល 12ឆ្នាំឯណោះ ក្នុងឋានៈជានាយកគ្រប់គ្រង។ បន្ទាប់ពីនោះមក លោកបានធ្វើការផ្នែក COO នៅឯក្រុមហ៊ុន Intelligent Electronics បន្ដមករហូតដល់ឆ្នាំ1998 ទើបលោក Jobs បាននាំ Cook មកចូលរួមជាមួយនឹងក្រុមហ៊ុន Apple។ អស់រយៈពេលប៉ុន្មានខែបន្ទាប់ពីការចូលរួមជាមួយ Jobs លោកបានទទួលការងារជាអនុប្រធាន ពោលគឺលោក Jobs មានគម្រោងចង់ឲ្យលោក Cook បន្ដតំណែងខ្លួនតាំងពីពេលនោះមក។

កាលពីអតីតកាល ប្រជាប្រិយភាពរបស់ក្រុមហ៊ុន Apple ធ្លាប់ត្រូវបានធ្លាក់ចុះម្ដងរួចមកហើយ ឯគ្រប់គ្នាបាននិយាយថា លោក Jobs សម្រេចចិត្តខុសហើយ។ លោក Cook បានអនុវត្តតាមចក្ខុវិស័យផ្ទាល់របស់ខ្លួន ហើយបានចូលរួមជាមួយក្រុមហ៊ុន Apple ជាអនុប្រធានជាន់ខ្ពស់សម្រាប់ប្រតិបត្តិការនៅទូទាំងពិភពលោក។ ក្រោយមក គាត់ក៏បានឡើងឋានៈជានាយកប្រតិបត្តិតែម្ដង។

3/ គាត់មានតម្លៃជាងលុយរាប់រយលានដុល្លារ

ជាការពិតណាស់ គាត់ត្រូវបានគេជួលឲ្យធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលមានតម្លៃជាងគេលើពិភពលោក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ប្រាក់ខែរបស់លោក Cook គឺច្រើនជាង 10លានដុល្លារឯណោះ។ បើបូកបញ្ចូលទាំងភាគហ៊ុន និងអ្វីៗផ្សេងៗទៀត លោកនាយកប្រតិបត្តិរូបនេះមានតម្លៃជាង 785លានដុល្លារឯណោះ។

4/ គាត់បានផ្តល់ផ្នែកមួយនៃថ្លើមរបស់គាត់ទៅឲ្យលោក Steve Jobs

លោក Cook មិនមែនត្រឹមតែអស្ចារ្យជាមួយនឹងលុយជាច្រើនដែលគាត់មាននោះទេ កាលពីឆ្នាំ2009 គាត់បានសម្រេចចិត្តផ្ដល់ផ្នែកមួយនៃថ្លើមរបស់ខ្លួនឲ្យទៅលោក Steve Jobs ព្រោះទាំងពីរនាក់នេះមានប្រភេទឈាមកម្រដូចគ្នា។ ថ្លើមគឺជាសរីរាង្គដែលកើតមានឡើងវិញ ហើយអត្រាជោគជ័យនៃការប្តូរសរីរាង្គខ្ពស់ ប៉ុន្ដែលោក Jobs បានប្រកែកដោយស្រែកខ្លាំងៗថា “ខ្ញុំមិនធ្វើបែបនោះទេ!! ខ្ញុំមិនធ្វើបែបនោះទេ!!”។ ស្របពេលជាមួយគ្នានោះ លោក Cook ក៏បាននិយាយដែរថា ក្នុងរយៈពេល 13ឆ្នាំដែលលោកបានស្គាល់លោក Jobs គាត់ធ្លាប់ស្រែកឲ្យគាត់មិនដល់ 5ដងផង។

5/ គាត់ជាមនុស្សឯកជនបំផុត

មនុស្សបែបលោក Tim Cook គឺចូលចិត្តឯកជនភាពបំផុត ពោលគឺគាត់មិនចង់ឲ្យនរណាស្គាល់ ដឹង រឺយល់ពីអ្វីដែលគាត់ធ្វើឡើយ។ ទាក់ទងទៅនឹងការងាររបស់លោក គឺដំណើរការទៅដោយសម្ងាត់ តែមានប្រសិទ្ធភាព។

6/ គាត់គឺជាម្នាក់ ក្នុងចំណោមនាយកប្រតិបត្តិផ្សេងទៀតដែលទទួលស្គាល់ថាស្រលាញ់ភេទដូចគ្នា

ស្របពេលជាមួយនឹងឯកជនភាពខ្ពស់របស់ខ្លួន លោក Cook បានសម្រេចចិត្តប្រើប្រាស់ឋានៈក្នុងក្រុមហ៊ុន Apple ដើម្បីផ្តល់អំណាចដល់សមាជិកសមាគមន៍ LGBTQ+ ហើយក៏ជាពេលដែលគាត់បានប្រកាសជាសាធារណៈថាខ្លួនជាមនុស្សស្រលាញ់ភេទដូចគ្នាដែរ។ ទាក់ទងទៅនឹងការប្រកាសនោះត្រូវបានធ្វើឡើងនាខែតុលា ឆ្នាំ2014។

Fu

ប្រភព៖ idropnews

Share This Post: