ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បំភ្លឺជូនសាធារណជន ករណីនារីម្នាក់ជិះហួសល្បឿនកំណត់នៅផ្លូវ ៤១ ត្រូវសមត្ថកិច្ចផាកពិន័យ ៣០ម៉ឺនរៀល ហើយបង្ហោះហ្វេសបុកចោទប្រកាន់មកលើសមត្ថកិច្ចនគរបាលចរាចរណ៍
យោងតាមហ្វេសបុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានធ្វើការបំភ្លឺជូនសាធារណៈជន បងប្អូនប្រជាពលរដ្ឋ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ឲ្យដឹងពីករណីនារីម្នាក់បានបង្ហោះចោទប្រកាន់សមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ដោយគាត់បានជិះហួសល្បឿនកំណត់ រួចត្រូវផាកពិន័យហើយគាត់បានសរសេរបង្ហោះមិនការពិតនៅលើហ្វេសបុក។ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានបំភ្លឺថា ៖

មានម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ An Ny ដែលបានបង្ហោះសារចោទប្រកាន់មកសមត្ថកិច្ចនគរបាលចរាចរណ៏ក្នុងការបំពេញតួនាទីភារកិច្ចពង្រឹងការអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមផ្លូវជាតិ៤១ ចន្លោះគីឡូម៉ែត្រលេខ២១_២២ ថាបានផាកពិន័យអ្នកបើកបរលើសល្បឿនកំណត់ ខុសនីតិវិធី ។
ការិយាល័យនគរបាលចរាចរណ៍ សូមជម្រាបជូនថា កំណាត់ផ្លូវលេខ៤១ ច្បាប់អនុញ្ញាតិឲ្យ 40 Km/h សូមបញ្ជាក់ថា ម្ចាស់រថយន្តម៉ាក Lexus Rx300 ស្លាកលេខភ្នំពេញ2T-1158 បើកបរក្នុងល្បឿន 84 Km/h តាមច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៣៩ ចំណុច ៥(គ) មាត្រា ៧ ថ្មី គឺការផាកពិន័យ សាមសិបម៉ឺនរៀល (៣០០.០០០៛) ។
សមត្ថកិច្ចនគរបាលចរាចរណ៍ សូមបញ្ជាក់ថាទង្វើរបស់ម្ចាស់គណនីហ្វេសប៊ុក An Ny ក្នុងការបង្ហោះព័ត៌មានមិនពិត គឺគោលបំណង មានចេតនាមូលបង្កាច់បរិហារ មកលើកងកម្លាំងនគរបាលជាតិ»
ក្នុងនាមជាសមត្ថកិច្ច សំណូមពរដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាកុំធ្វើការសន្និដ្ឋាន វាយតម្លៃចំពោះរឿងរ៉ាវ ឬហេតុការណ៍ដែលកើតឡើងដោយពុំមានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ដើម្បីជៀសវាងការវាយតម្លៃនោះមានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីអនុវត្តច្បាប់ ឬស្ថាប័ន..៕


