នគរបាលស័ក្តិ៤កន្លះ បើករថយន្តជ្រុលបុករបងថ្មមួយទំហឹង បណ្ដាលឲ្យគាបស្លាប់នៅក្នុងរថយន្ត
រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាអនុប្រធានមជ្ឈមណ្ឌលព័ត៌មាន នាយកដ្ឋានអនុវត្តច្បាប់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់បើករថយន្តលឿន ជ្រុលបុករបងថ្ម គាបក្នុងរថយន្ត នៅវេលាម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ផ្លូវបេតុងលេខ១៨០០ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ពក ភិរម្យ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មន្ត្រីនគរបាល ពាក់ស័ក្តិ៤កន្លះ ជាអនុប្រធានមជ្ឈមណ្ឌលព័ត៌មាន នាយកដ្ឋានអនុវត្តច្បាប់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានស្រុកកំណើត ភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បើករថយន្តម៉ាកអ៉ីហ្សុយៗពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-2722 ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើបើករថយន្តធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវកោង ក៏ជ្រុលទៅបុករបងថ្ម ឃ្លាំងប្រជាពរដ្ឋពេញទំហឹង បណ្ដាលឲ្យរថយន្តវិលមួយជុំ ខ្ទេចរថយន្តខាងឆ្វេងនិងអ្នកបើកបរបានស្លាប់នៅក្នុងរថយន្ត ។
ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្តទៅរក្សាទុកនៅស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ រីឯសពត្រូវសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តពោធិ៍ចិនតុង ៕
អនុប្រធានមជ្ឈមណ្ឌលព័ត៌មាន នាយកដ្ឋានអនុវត្តច្បាប់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ដោយ៖ បងម៉េង ខ្មែរណូត