រដ្ឋបាលខេត្តកោះកុង ប្រកាសទុកជាមោឃៈ ចំពោះការទិញ-លក់ដីប្រភេទទាំងនេះ
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងមួយទៅកាន់សាធារណជនទាក់ទងទៅនឹងការទិញលក់ដី យ៉ាងអណាធិបតេយ្យ នៅតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងក្នុងតំបន់គម្របព្រៃឈើ ដោយពុំមានការចុះពិនិត្យ និងវាស់វែងត្រឹមត្រូវពីសំណាក់មន្ត្រីពាក់ព័ន្ធនិងមន្ត្រីភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញប៉ុណ្ណោះ។

ក្នុងសេចក្តីជូនដំណឹងនេះដែរបានបញ្ជាក់ថា ការទិញលក់ដី ដោយមានតែការផ្តិតមេដៃរវាងអ្នកលក់និងអ្នកទិញ មិនមានការចុះពិនិត្យពីមន្ត្រីជំនាញពាក់ព័ន្ធ គឺជាទង្វើខុសច្បាប់ ហើយរដ្ឋបាលខេត្ត នឹងចាត់ទុកជាមោឃៈ និងបដិសេធចោលនូវរាល់ការទិញលក់ដីធ្លីទាំងអស់ ដែលពុំមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់។ ដូចនេះដើម្បីចៀសវាងនូវទង្វើខុសច្បាប់ និងការខាតបង់ប្រយោជន៍ពីការទិញលក់ដីធ្លីទាំងនេះ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការទិញលក់ដីធ្លីមិនស្របច្បាប់បែបនេះ៕

