ចោរកំពូលស៊យ! លួចម៉ូតូគេហើយគេចខ្លួនបានជិត១អាទិត្យហើយ គ្រាន់តែជិះយកទៅកន្លែងបញ្ចាំភ្លាម ចៃដន្យជួបនគរបាលចាប់ជាប់
រាជធានីភ្នំពេញ ៖ ចោរកំពូលស៊យលួចម៉ូតូ Scoopy បានសម្រេចហើយ តាំងពីកណ្ដាលយប់ ហើយរត់គេចខ្លួនបាត់អស់រយៈពេល៥ថ្ងៃ ទើបជិះយកទៅកន្លែងលក់បញ្ចាំ ចៃដន្យជួបកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបបាន រួចនាំមកស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរនាំ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០៥:៣០នាទីល្ងាច ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបេតុងក្នុងភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅផ្ទះលេខ៥០C ផ្លូវ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យម្ចាស់ម៉ូតូម៉ាកស្គុបពីពណ៌ស ពាក់ស្លាកលេខបាត់ដំបង ១AC-៥១៥៧ ។
លោកវរសេនីយ៍ត្រី ឃុន ឡេង នាយប៉ុស្តិ៍រដ្ឋបាលបឹងទំពន់ទី២ បានប្រាប់ដែរថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ភឹម ផាន់នី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៣៦BT ភូមិក្បាលទំនប់៣ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀនទេ)ដោយឃាត់ជនសង្ស័យពីបទលួចម៉ូតូ ។
បើតាមសម្ដីលោកវរសេនីយ៍ទោ គឹម កល្យាណ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌមានជ័យ បានបញ្ជាក់ដែរថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៦:៣០នាទីល្ងាច ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត ភេទប្រុស អាយុ១៩ឆ្នាំ បានយកម៉ូតូ០១គ្រឿងហុងដាស្គូបពី ពណ៍ស ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខបាត់ដំបង ១AC-៥១៥៧ មកចតទុកនៅក្នុងផ្ទះលេខ៥០C ផ្លូវ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ដែលជាចំណុចកើតហេតុ) ហើយបានចូលទៅផឹកស៊ីនៅក្នុងផ្ទះជាមួយមិត្តភក្កិ ដោយពុំបាទបិទទ្វាររបងផ្ទះ និងចាក់សោរកម៉ូតូ រហូតដល់វេលាម៉ោង២៣ និង៣០នាទី ថ្ងៃដដែល ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត បានចេញមកមើលម៉ូតូស្រាប់តែបាត់មិនឃើញ ។ លុះមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩ម៉៣០នាទី ទើបជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត បានមកដាក់ពាក្យបណ្តឹង នៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ឲ្យជួយស្រាវជ្រាវ ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ បានចុះមកពិនិត្យកន្លែងកើតហេតុរួចរាយការណ៍ប្រាប់មកជំនាញខណ្ឌ ដើម្បីធ្វើការស្រាវជ្រាវ។

ក្រោយពីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានច្បាស់ហើយ ទើបនៅវេលាម៉ោង១៧:៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការណែនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយរូបលោកដែលជាអធិការរងទទួលផែនព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍បឹងទំពុនទី២ ចុះធ្វើការបង្ក្រាប និងចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ភឹម ផាន់នី ភេទប្រុស អាយុ២៩ឆ្នាំ នៅចំណុចផ្លូវបេតុងក្នុងភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដោយបានចាប់យកវត្ថុតាងមាន ម៉ូតូ០១គ្រឿងហុងដាស្គូបពី ពណ៌ស (ជារបស់ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត ដែលបាត់) ។ ចំណែកម៉ូតូរងគ្រោះនគរបាលប៉ុស្តិ៍ប្រគល់អោយម្ចាស់ប្រើប្រាស់បណ្ដោះអាសន្នសិន ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំបនគរបាលប៉ុស្តិ៍បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត