លោក រុំ សុវិជ្ជា អតីតនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ដែលផឹកស្រាស្រវឹងបុករនាំងរូបសំណាកអាចារ្យលាក់ និងស្រែកជេរប្រមាថអភិបាលខេត្តកំពង់ធំ ត្រូវទម្លាក់សក្តិអស់២ថ្នាក់
អតីតនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ គឺលោក វរៈសេនីយ៍ឯក រុំ សុវិជ្ជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យដែលចុះនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយបន្ថយឋានន្តរសក្ដិចំនួន ២ ថ្នាក់ ពី វរៈសេនីយ៍ឯក មកត្រឹម វរៈសេនីយ៍ត្រី វិញ។ គេនៅចាំបានថាលោក រុំ សុវិជ្ជា ពេលនៅមានបុណ្យសក្តិធំជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានជេរប្រមាថអភិបាលខេត្តកំពង់ធំ គឺឯកឧត្តម សុខ លូ ក្រោយពេលដែលខ្លួនស្រវឹងស្រាជោគ ជិះរថយន្តទៅបុករនាំងរូបសំណាកអាចារ្យលាក់កាលពីយប់ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០២០។

ក្រោយមកលោក រុំ សុវិជ្ជា ត្រូវបានឯកឧត្ដមនាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិ និង សម្ដេចក្រឡាហោម ស ខេង ដកហូតតួនាទីពីនាយការិយាល័យ មកជាមន្ត្រី ហើយក៏ត្រូវបានទម្លាក់សក្តិពី វរៈសេនីយ៍ឯក មកត្រឹម វរៈសេនីយ៍ត្រី វិញ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៕
