កម្ពុជារកឃើញវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀតនៅព្រឹកនេះ ជាបុរសជនជាតិខ្មែរ ទើបមកពីក្រៅប្រទេស កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០១នាក់ថ្មីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនដល់៣៣នាក់ និងមិនទាន់មានអ្នកជាសះស្បើយថ្មីនោះទេ។

អ្នកវិជ្ជមានកូវីដ១៩ថ្មីនោះគឺជាបុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសខាងលើនេះ គឺជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ឌីសាអូឌី និងបានបន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧ និង២៥នាទីល្ងាច។ វត្ថុសំណាកលើកទី៣របស់ពួកគាត់ ដែលបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ រីឯអ្នកដំណើរចំនួន៦៩នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នកវិជ្ជមានវីរុសកូវីដ១៩ កំពុងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយក្នុងរាជធានីភ្នំពេញ។ ក្នុងចំនួនអ្នកដំណើរ៨០នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺកូវីដ១៩ សរុបមានបុរសចំនួនន២៥នាក់ ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕
