សង្ស័យស្រវឹងបើករថយន្តលឿនជ្រុលបុកបង្គោលជិនស្ថានទូតចិន សំណាងគ្មានអ្នករបួស
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យថាស្រវឹងស្រាខ្លាំងហើយ បានបើករថយន្ត Toyota Prius មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលកៅឡាក់ជិតស្ថានទូតចិនបណ្ដាលឲ្យបាក់អស់១ដើម កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខស្ថានទូតចិន តាមផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត មួយគ្រឿងម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-005 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន លុះមកដល់កន្លែងកើតហេតុរថយន្តក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកសសរកៅឡាក់ជិតស្ថានទូតចិនបណ្តាលឲ្យបាក់អស់១ដើម ចំណែករថយន្តរងការខូចខាតបន្តិចបន្តួច ហើយសំណាងល្អគ្មានអ្នករងរបួសឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុទាក់ទងទៅខាងជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់៕
