សាហាវហួស! កាសឥតខ្សែថ្មីរបស់ក្រុមហ៊ុន OnePlus សាកតែ10នាទីប្រើបានដល់ទៅ5ម៉ោង (មានវីដេអូ)
- May 17, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus បានសម្រេចណែនាំទាក់ទងទៅនឹងកំពូលស្មាតហ្វូន OnePlus 6 របស់ខ្លួន ដែលជាម៉ូដែលចុងក្រោយបង្អស់របស់ក្រុមហ៊ុន។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនដដែលនេះក៏បានណែនាំទាក់ទងទៅនឹងផលិតផលកាសឥតខ្សែថ្មីមួយផងដែរ ដែលមានសមត្ថភាពសាកថ្មបានលឿនបំផុតត្រឹមរយៈពេល 10នាទី តែប្រើប្រាស់បានរហូតដល់ទៅ 5ម៉ោង។

កាសឥតខ្សែថ្មីនេះ ត្រូវបានក្រុមហ៊ុន OnePlus ដាក់ឈ្មោះឲ្យថា Bullet ហើយប្រើប្រាស់ USB-C ដើម្បីសាកថ្ម។ ដោយឡែក កាលពីឆ្នាំ2016 ក្រុមហ៊ុននេះធ្លាប់ចេញលក់កាស Bullets V2 ម្ដងរួចមកហើយ តែជាប្រភេទកាសខ្សែ ដូចនេះវាហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងនោះទេ។
ដោយសារតម្រូវកាសប្រភេទកាស Bluetooth ច្រើនពេកលើទីផ្សារ ក្រុមហ៊ុន OnePlus បានសម្រេចអភិវឌ្ឍន៍កាសនេះ ដោយមិនប្រើខ្សែដូចមុនទៀតឡើយ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ កាសនេះមានតម្លៃត្រឹម $69 ប៉ុណ្ណោះ ហើយនេះពិតជាតម្លៃដ៏អស្ចារ្យមែន។
គួរបញ្ជាក់ផងដែរថា Bullet ប្រើប្រាស់រន្ធសាកថ្មប្រភេទ USB-C ជំនួសឲ្យ Micro-USB ដែលអនុញ្ញាតឲ្យបច្ចេកវិទ្យាសាកថ្មលឿនរបស់ក្រុមហ៊ុន OnePlus អាចដំណើរការលើកាសនេះបាន។ ដូចនេះ សម្រាប់អ្នកប្រើប្រាស់គឺចំណាយពេលត្រឹម 10នាទីប៉ុណ្ណោះដើម្បីសាកថ្ម សម្រាប់ការប្រើប្រាស់ 5ម៉ោង។
កាស Bullet ត្រូវបានគេវាយតម្លៃឲ្យថា អាចប្រើប្រាស់បាន 8ម៉ោងសម្រាប់ថ្មពេញ។ មិនតែប៉ុណ្ណោះ កាសនេះក៏មានភ្ជាប់មកជាមួយនឹងមុខងារមួយផងដែរ ដោយតម្រូវឲ្យអ្នកប្រើប្រាស់ដាក់វាឲ្យឆក់ចូលគ្នាដើម្បីឲ្យចម្រៀងដែលកំពុងចាក់ស្កុប ហើយលេងវិញធម្មតាពេលបំបែកវាចេញពីគ្នាវិញ។ ទោះជាយ៉ាងណា មុខងារនេះអាចដំណើរការបានតែនៅលើស្មាតហ្វូន OnePlus 5, 5T និង OnePlus 6 ប៉ុណ្ណោះ។ ក្រៅពីមុខងារពិសេសនេះ Bullet ក៏មានមុខងារធន់នឹងញើស ដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់ពេលកំពុងហាត់ប្រាណ។
Fu
ប្រភព៖ cnet
- Share This Post:














