ចំនួនករណីជំងឺកូវីដ១៩ នៅប្រទេសប្រេស៊ីលពេលនេះកើនដល់ ២លាននាក់ ខណៈស្លាប់ជាង ៧ម៉ឺននាក់
ចំនួនសរុបនៃការឆ្លងជំងឺ COVID-19 នៅប្រទេសប្រេស៊ីលបានកើនឡើងដល់ជាង ២លាននាក់។ រដ្ឋាភិបាលនិយាយថា តួលេខថ្មីប្រចាំថ្ងៃចំនួន ៤៥,០០០ ករណី ត្រូវបានគេរាយការណ៍គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឱ្យចំនួនសរុបនៃអ្នកវិជ្ជមានជាមួយជំងឺនៅក្នុងប្រទេសកើនដល់ ២,០១២,១៥១នាក់។ វាជាតួលេខបានកើនឡើងទ្វេដងក្នុងចន្លោះពេលតិចជាងមួយខែនេះ ខណៈជំងឺកំពុងរាលដាលយ៉ាងឆាប់រហ័សជាពិសេសនៅក្នុងតំបន់ដែលខ្វះខាត។ ប្រទេសប្រេស៊ីលជាប្រទេសឈរលេខ២ ចំពោះករណីឆ្លង ហើយក៏មានចំនួនអ្នកស្លាប់ខ្ពស់ជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកដូចគ្នា គឺ ៧៦,៦៨៨ ករណី។

ទោះយ៉ាងណារដ្ឋាភិបាលប្រេស៊ីលកំពុងបោះជំហានទៅមុខ ជាមួយនឹងការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច។ ក្រុមមន្រ្តីបាននិយាយថា ចំនួននៃបន្ទប់ ICU ត្រូវបានកើនឡើងទ្វេដងនៅក្នុងមន្ទីរពេទ្យក្នុងតំបន់ទីក្រុង រួមទាំងរដ្ឋសៅប៉ូឡូដែលស្ថានភាពនេះកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ។ ពួកគេនិយាយថា ពួកគេអាចស៊ូទ្រាំនឹងការកើនឡើងក្នុងករណី ប៉ុន្តែមានការខ្វះខាតចំពោះបញ្ហាបន្ទប់ ICU។ កាលពីដើមខែនេះប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ក៏បានតេស្ដវិជ្ជមានជាមួយជំងឺផងដែរ ប៉ុន្តែលោកនៅតែបន្តផ្តល់អាទិភាពដល់សេដ្ឋកិច្ចច្រើនជាងវិធានការណ៍បង្ការ ទោះបីមានការព្រួយបារម្ភកាន់តែច្រើនពីសំណាក់អ្នកជំនាញក៏ដោយ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK