រថយន្ត

ល្អខ្លាំងណាស់! អាល្លឺម៉ង់លើកទឹកចិត្តឱ្យប្រើរថយន្តអគ្គិសនី ដោយរថយន្ត Renault Zoe ត្រូវបានជួលដោយមិនគិតថ្លៃនោះទេ

BY
autoadmin
July 17, 2020

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលនូវតម្រូវការដែលបានធ្លាក់ចុះសម្រាប់រថយន្តត្រឡប់មកវិញ រដ្ឋាភិបាលតំបន់អឺរ៉ុបកំពុងជះលុយយ៉ាងច្រើន ដើម្បីបញ្ចូលទៅក្នុងឧស្សាហកម្មយានយន្តគ្មានចំហេះតាមរយៈការឧបត្ថម្ភធននានា។ ជាក់ស្ដែងបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា បច្ចុប្បន្នប្រទេសអាល្លឺម៉ង់កំពុងជួយឧបត្ថម្ភទឹកប្រាក់យ៉ាងច្រើនតាមរយៈក្រុមហ៊ុន Autohaus Koenig ដែលអនុញ្ញាតឱ្យរថយន្ត Renault Zoe EV ដែលជារថយន្តអគ្គិសនីលក់ដាច់បំផុត ត្រូវជួលឱ្យពលរដ្ឋរបស់ខ្លួនក្នុងតម្លៃ FREE តែម្តង។

ជាលទ្ធផលនៃការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុនេះ គេបានឃើញថាវាធ្វើឱ្យអ្នកទិញនៅប្រទេសបារាំងនិងអាល្លឺម៉ង់ កំពុងសម្រុកចូលមើលការតាំងបង្ហាញនិម្មិតដែលបង្ហាញពីរថយន្តទាំងនោះ ​​​ដោយសារតែការចូលមើលផ្ទាល់មិនទាន់អាចធ្វើឡើងក្នុងសម័យជំងឺ COVID-19 នេះទេ។ លោក Wolfgang Huber ប្រធានផ្នែកលក់រថយន្តអគ្គិសនីនៅឯក្រុមហ៊ុន Autohaus Koenig បានប្រាប់សារព័ត៌មាន Bloomberg ថា៖«ប្រសិនបើយើងមានបុគ្គលិកផ្នែកលក់កាន់តែច្រើន យើងនឹងលក់កាន់តែច្រើនថែមទៀត»។ ដោយបន្ថែមថាពួកគាត់រំពឹងថា នឹងមានការកើនឡើងនៃការលក់ ជាមួយនឹងការឧបត្ថម្ភធនពីរដ្ឋាភិបាលថែមទៀត។

តម្រូវការរថយន្ត Renault Zoe ត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេដងនៅឆ្នាំនេះបើប្រៀបធៀបនឹងឆ្នាំមុននៅប្រទេសបារាំង។ ព័ត៌មាននេះក៏បានកើតឡើងស្របគ្នា បន្ទាប់ពីរដ្ឋាភិបាលក្នុងប្រទេសហូឡង់បានចំណាយការឧបត្ថម្ភចំនួន ១១.៣ លានដុល្លារ ក្នុងរយៈពេលតែ៨ថ្ងៃប៉ុណ្ណោះនៅក្នុងខែកក្កដា ទៅឱ្យពលរដ្ឋខ្លួនក្នុងការចាប់យកការប្រើប្រាសរថយន្តអគ្គិសនីនេះ។ វាជាសញ្ញាដ៏ជោគជ័យមួយទៀតដែលថា ដំណាក់កាលនៃការដកចោលនូវរថយន្តចំហេះកំពុងដំណើរការនៅទូទាំងពិភពលោក ហើយឥឡូវនេះនៅអឺរ៉ុបទាំងមូលកំពុងចង់ធ្វើជាអ្នកដឹកនាំមុខគេ ទៅរកការហាមឃាត់ការប្រើប្រាស់រថយន្តចំហេះនៅឆ្នាំ២០២៥៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg

Share This Post: