ជាលើកដំបូងបំផុតដែលជំងឺកូវីដ១៩ មានអ្នកឆ្លងជាង ១លាននាក់ ក្នុងរយៈពេលតែ ១០០ម៉ោង ខណៈករណីសរុបមាន ១៤លាននាក់
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ការឆ្លងរាលដាលនៃជំងឺ COVID-19 នៅទូទាំងពិភពលោកបានឆ្លងដល់មនុស្ស ១៤ លាននាក់ គិតត្រឹមថ្ងៃសុក្រ ទី១៧ ខែកក្កដា ដែលនេះជាលើកដំបូងហើយ ដែលករណីជំងឺមានការកើនឡើង ១លានករណី ក្នុងរយៈពេលក្រោម ១០០ម៉ោង។ ករណីដំបូងត្រូវបានគេរាយការណ៍នៅក្នុងប្រទេសចិននៅដើមខែមករា ហើយវាចំណាយពេល ៣ខែ ដើម្បីឈានដល់ ១លានករណី ប៉ុន្តែឥឡូវនេះវាបានចំណាយពេលតែ ៤ថ្ងៃប៉ុណ្ណោះ ក្នុងការកើនឡើង ១លានករណី។ សហរដ្ឋអាមេរិកជាប្រទេសមានការឆ្លងច្រើនជាងគេបង្អស់ ជាមួយករណីចំនួនជាង ៣.៦ លាននាក់ ហើយប្រទេសនេះតែឃើញមានការកើនឡើងជារៀងរាល់ថ្ងៃ។ សហរដ្ឋអាមេរិកក៏បានរាយការណ៍ពីកំណត់ត្រាប្រចាំថ្ងៃថ្មីមួយទៀត ដោយមានការឆ្លងថ្មីជាង ៧៧,០០០ នាក់ កាលពីថ្ងៃព្រហស្បតិ៍។

ទោះបីជាមានករណីកើនឡើងក៏ដោយ ការបែងចែកវប្បធម៌បក្ខពួកកំពុងតែរីកដុះដាលនៅក្នុងប្រទេស ដោយសារមានអ្នកខ្លះពាក់ម៉ាស់ ហើយអ្នកខ្លះមិនពាក់ម៉ាស់នោះទេ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងបក្ខពួករបស់គាត់បានប្រឆាំងនឹងការពាក់ម៉ាស់ជាកំហិត ហើយបានអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកសកម្មភាពសេដ្ឋកិច្ចធម្មតា និងបើកសាលារៀនឡើងវិញ ទោះបីជាមានករណីកើនឡើងខ្លាំងជាងមុខបិទទ្វារក៏ដោយ។ បណ្តាប្រទេសដែលរងការប៉ះពាល់ខ្លាំងពីមុនៗផ្សេងទៀតមានការចុះថយករណីថ្មី ហើយកំពុងបន្ធូរបន្ថយការចាក់សោរជាដមណាក់កាល ខណៈទីក្រុងដទៃទៀតដូចជាទីក្រុងបាសេឡូណា និងទីក្រុងមែលប៊ន កំពុងអនុវត្តការបិទទ្វារជាលើកទី២ ដោយសារមានករណីថ្មីផ្ទុះឡើង។
ចំនួនករណីជំងឺ COVID-19 ទូទាំងពិភពលោក គឺមានប្រហែលជា ៣ដង ធៀបជំងឺផ្តាសាយធំដែលត្រូវបានកត់ត្រាជារៀងរាល់ឆ្នាំ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ជំងឺរាតត្បាត COVID-19 ឥឡូវនេះបានសម្លាប់មនុស្សជិ០ ៦០ ម៉ឺននាក់ ក្នុងរយៈពេលជិត ៧ខែ តាំងតែមានការរាតត្បាតដំបូង។ ការស្លាប់ដំបូងត្រូវបានគេរាយការណ៍នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅទីក្រុងវូហានប្រទេសចិន មុនពេលការឆ្លងនិងអ្នកស្លាប់បានកើនឡើងនៅអឺរ៉ុប និងក្រោយមកនៅសហរដ្ឋអាមេរិក៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia