ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៧នាក់ ចេញពីកន្លែងនៅដាច់ដោយឡែករៀបចំដោយរដ្ឋាភិបាល
មជ្ឈមណ្ឌលរដ្ឋាភិបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសខ្លួនរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៧ករណី ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៤ម៉ោង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ។ ប៉ុន្តែយ៉ាងណាប្រទេសថៃ មិនមានករណីក្នុងសហគមន៍អស់រយៈពេល ៥៦ថ្ងៃ មកហើយ។ ករណីថ្មីៗទាំងអស់នេះសុទ្ធតែជាអ្នកដែលទើបត្រឡប់ពីបរទេស ហើយពួកគេត្រូវបានដាក់នៅដោយឡែកពេលមកដល់ប្រទេសថៃភ្លាម។

ក្នុងចំណោមពួកគេមាន ២នាក់ គឺមកពីសហរដ្ឋអាមេរិក, ១នាក់ មកពីប្រទេសបារ៉ែន និង ៣នាក់ មកពីប្រទេសអេហ្ស៊ីប។ នៅក្នុងប្រទេសថៃចំនួនករណីសរុបចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ COVID-19 គិតត្រឹមថ្ងៃសៅរ៍ មានចំនួន ៣,២៤៦នាក់ និងមានអ្នកស្លាប់ចំនួន ៥៨នាក់ ហើយអ្នកបានជាសះស្បើយមានចំនួន ៣,០៩៦នាក់ និងអ្នកជំងឺ ៩២ នាក់កំពុងទទួលការព្យាបាលនៅតាមមន្ទីរពេទ្យ។ អ្នកឆ្លងនៅទូទាំងពិភពលោកបានកើនឡើងដល់ ១៤លាននាក់ ហើយពលរដ្ឋជិត ៦០ម៉ឺននាក់ បានស្លាប់ដោយសារជំងឺនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand