ទីក្រុងតូក្យូថ្ងៃនេះរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីចំនួន ២៣៧ករណី ដែលនាំឱ្យរាជធានីនេះមានករណីសរុបចំនួន ៩,៨១៦ករណី
រដ្ឋាភិបាលក្រុងតូក្យូបានរាយការណ៍ថា ទីក្រុងនេះមានករណីថ្មីចំនួន ២៣៧ករណី សម្រាប់ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ដែលជាការកើនឡើងលើសពី ២០០ករណី ជាលើកដំបូងក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ ចំនួនករណីកាលពីថ្ងៃច័ន្ទមានតែ ១៦៨ករណី ប៉ុណ្ណោះ តែទោះជាយ៉ាងណាករណីសម្រាប់ថ្ងៃនេះគឺទាបជាងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលមានចំនួន ២៩៣ករណី។ តួលេខថ្មីៗនាំឱ្យចំនួនករណីជំងឺ COVID-19 សរុបនៅក្នុងរាជធានីបានកើនឡើងដល់ ៩,៨១៦ករណី ខណៈការស្លាប់សរុបទូទាំងប្រទេសក៏កើនដល់ ១,០០០នាក់ ផងដែរ។

អ្នកស្រី Yuriko Koike បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទ ដោយដាស់តឿនពលរដ្ឋចាស់ៗឱ្យប្រយ័ត្នប្រយែងចំពោះការឆ្លងរាលដាលនានា ដែលកំពុងតែរាលដាលពាសពេញក្រុមអាយុទាំងអស់។ ខេត្តអូសាកាក៏បានរាយការណ៍ថា មានករណីវិជ្ជមានចំនួន ៤៩ករណី បន្ទាប់ពីទើបតែបញ្ជាក់ថា មានករណីចំនួន ៨៩ មិនប៉ុន្មានថ្ងៃ ដែលនេះជាតួលេខខ្ពស់បំផុតទី២សម្រាប់ខេត្តភាគខាងលិច។ ចំណែកអាណាខេត្តក្យូតូបានបញ្ជាក់ថា ខ្លួនរកឃើញមានករណីថ្មីចំនួន ២៧ ដែលជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់១ផងដែរ។ ទន្ទឹមនឹងនេះចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនឡើងដល់ ១,០០០នាក់ គិតចាប់តាំងពីជំងឺនេះបានរាតត្បាតនៅជប៉ុនតាំងតែពីខែកុម្ភៈ ហើយភាគច្រើនជាមនុស្សចាស់អាយុពី៨០ឆ្នាំ ឬលើសពីនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ Japan Times