ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៤៤ដប និង ២៨កញ្ចប់ ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារដកហូត
(ខេត្តព្រះវិហារ)៖ នៅថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ទំនិញនានា ក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។

* ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖
– ទឹកក្រូចចម្រុះ ចំនួន ១៣២ ដប ស្មើនឹង ៣៣៤.២ លីត្រ
– ទឹកត្រី ចំនួន ០១ ដប ស្មើនឹង ០.៥ លីត្រ
– ទឹកស៊ីអ៊ីវ ចំនួន ០៤ ដប ស្មើនឹង ០១ លីត្រ
– ត្រីខ ចំនួន ០៧ ដប ស្មើនឹង ០.៥០ គីឡូក្រាម
– ស្ករគ្រាប់ ចំនួន ២៨ កញ្ចប់ ស្មើនឹង ៣.០៨ គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕









ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF