ក្រុមចោរវ័យក្មេងអាយុទើប១៥-១៦ឆ្នាំ ឆក់កាបូបជនជាតិជប៉ុន ត្រូវសមត្ថកិច្ចចាប់បានទាំងអ្នកឆក់ ទាំងអ្នកបិទគូទ ហើយមានទាំងប្រុសទាំងស្រីទៀត
រាជធានីភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន បានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ពីជនរងគ្រោះប្រុសស្រី៣នាក់ ដែលជាជនជាតិជប៉ុន ដោយធ្វើការឃាត់ជនសង្ស័យប្រុសស្រីវ័យក្មេងចំនួន៤នាក់បានជាបន្តបន្ទាប់ ។

ហើយប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងមានការចង្អុលបង្ហាញចំគោលដៅពី លោក ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដោយមានការផ្ដល់ព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពីខាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹង ស្ដីពីការបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) កាលពីវេលាម៉ោង១៥:២០នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មានករណីឆក់កាបូបស្ពាយមួយកើតទ្បើង នៅចំណុចផ្ទះលេខ២៤ ផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កដោយជនល្មើស ចំនួន ០៤នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះ SUZUKI YUKIKO ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិជប៉ុន ស្នាក់នៅសណ្នាគារ EMOIN ផ្លូវលេខ១៩២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ RA0011251 បានសម្រេច ហើយជិះគេចខ្លួនបាត់ ។
លុះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវ និងចាប់បង្រ្កាបបានជនសង្ស័យពាក់ពន្ធ័ករណីខាងលើនេះបានចំនួន ០៤នាក់ មានឈ្មោះដូចខាងក្រោម ៖ ១.ឈ្មោះ ផែន តុង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (អ្នកឆក់) ។ ២.ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (អ្នកឌុប) ។ ៣.ឈ្មោះ ហេង យីហុង ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូពេញ រាជធានីភ្នំពេញ មុខរបរ សិស្ស (បិទគូថ) ។ ៤.ឈ្មោះ អៀង សុភារីន ភេទស្រី អាយុ ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១២១អឺ០ ផ្លូវលេខ២៣ សង្កាត់ជ័យជំនះ ខណ្ឌដូពេញ រាជធានីភ្នំពេញ ។
វត្ថុតាងដកហូតរួមមានៈ ម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ សេរី ២០២០ (ម៉ូតូធ្វើសកម្មភាព) ។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលជាម្ចាស់ករណីដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕


ដោយ៖ បងម៉េង ខ្មែរណូត