ទីក្រុងតូក្យូមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាង ៣០០នាក់ នៅថ្ងៃនេះ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន
យោងតាមទូរទស្សន៍ NHK នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា ទីក្រុងតូក្យូរំពឹងនឹងរាយការណ៍ពីករណីជំងឺ COVID-19 យ៉ាងហោចណាស់ ៣០០ នៅថ្ងៃនេះផ្ទាល់ ដែលវាជាចំនួនកើនឡើងក្នុងមួយថ្ងៃខ្ពស់បំផុតមិនធ្លាប់មានសម្រាប់រាជធានីមួយនេះ។ ចំនួននេះបានកើតឡើងបន្ទាប់ពីប្រទេសជប៉ុនទាំងមូលមានករណីថ្មីនៃជំងឺ COVID-19 រហូតដល់ទៅ ៧៩៥ ត្រូវបានរាយការណ៍កាលពីថ្ងៃពុធ ដែលលើសពីកម្រិតខ្ពស់បំផុតកាលពីទីក្រុងនេះត្រូវដាក់ក្នុងភាពអាសន្នអំឡុងខែមេសាទៅទៀត។

ខណៈដែលប្រទេសនេះកំពុងអនុវត្តម៉ោងធ្វើការតែ ៤ថ្ងៃ ក្នុងមួយសប្ដាហ៍ ពលរដ្ឋនឹងមានពេលសម្រាកច្រើនជាងមុន ដូច្នេះអភិបាលទីក្រុងតូក្យូលោកស្រី Yuriko Koike បានស្នើសុំឱ្យប្រជាជនតូក្យូស្នាក់នៅផ្ទះតាមដែលអាចធ្វើទៅបាន ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃករណីជំងឺ COVID-19 នាពេលថ្មីៗនេះ។ កាលពីថ្ងៃពុធប្រទេសជប៉ុនក៏បានចាប់ផ្តើមកម្មវិធីបញ្ចុះតម្លៃដំណើរកម្សាន្ត Go To Travel ដែលជាកម្មវិធីគាំទ្រដោយរដ្ឋាភិបាល ប៉ុន្តែការធ្វើដំណើរទៅនិងមកពីទីក្រុងតូក្យូមិនត្រូវបានរាប់បញ្ចូលទេ ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងរោគចេញពីទីក្រុងនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Japan Times