ស្នងការដ្ឋាននគរបាលខេត្តកណ្តាលមានប្រតិកម្មយ៉ាងរហ័ស ចំពោះគណនីហ្វេសប៊ុកមួយផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ ករណីបុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯង
ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា៖ ថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ អធិរាជ ហ្វេសប៊ុក យោ ចាន់ធូ ដែលបានបង្ហោះផ្សព្វផ្សាយខឹ្លមសារថា (សំបូរអ្នកចងកដល់ហើយ) បងប្អូនស្គាល់គាត់អត់ គាត់ស្លាប់ខ្លួនមុនហ្នឹង! នៅវេលាម៉ោង ១២:០០នាទី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ មានបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបានចងកស្លាប់ នៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រុមការងារព័ត៌មាន មានប្រតិកម្មយ៉ាងរហ័សសូមជូនលទ្ធផលនៃការស្រាវជ្រាវស៊ើបបញ្ជាក់ដូចខាងក្រោម:
១- យោងតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកអង្គស្នួលបានបញ្ជាក់ឲ្យដឹងថា ករណីខាងលើនេះ ជាករណីអត្តឃាត (ចងក) កើតហេតុនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១១:៤០នាទី នៅចំណុចដីឡូតិ៍ចងនឹងខ្សែគោជាប់នឹងដើមប្រេងខ្យល់ ស្ថិតនៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
+ ជនរងគ្រោះឈ្មោះ ម៉ៅ សារ៉ាត់ ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ស្លាប់) ។
២- តាមការបំភ្លឺពីឈ្មោះ ធី រដ្ឋា ភេទប្រុស អាយុ៤៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថាខ្លួន បានដើរមកកន្លែងលក់ទឹកឃ្មុំ(ចល័ត) ប្រហែលម៉ោង១១:០៥នាទី ឃើញជនរងគ្រោះដើរមកពីទិសខាងកើតពាក់អាវយឺតដៃវែង ខាងក្រៅពណ៌ក្រហម ស្ពាយសាក់កាដូពីក្រោយ ឈរនៅជិតកន្លែងលក់ទឹកឃ្មុំនោះ ឈរប្រហែលជា ២០នាទី ក៏ដើរទៅទិសខាងលិចវិញ មួយសន្ទុះក្រោយមកស្រាប់តែអ្នកលក់ទឹកឃ្មុំស្រែកប្រាប់ខ្លួនថា ជនរងគ្រោះចងកនឹងដើមប្រេងខ្យល់ស្លាប់បាត់ទៅហើយ។
៣- តាមការបំភ្លឺពីឈ្មោះ អ៊ួន សយ ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកហៀង ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ (ជាអ៊ុំជនរងគ្រោះ) ប្រាប់ថាជនរងគ្រោះបានមករៀនត្រៀមប្រឡងទៅធ្វើការនៅប្រទេសកូរ៉េ ហើយប្រឡងធ្លាក់ ដោយមូលហេតុបញ្ហាសុខភាព។
៤- ផ្អែកតាមលទ្ធផលកោសល្យវិច័យ សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ សន្និដ្ឋានបានថា៖ ជនរងគ្រោះឈ្មោះ ម៉ៅ សារ៉ាត់ ពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ដោយមូលហេតុអាចតូចចិត្តមានបញ្ហាសុខភាព និងប្រឡងធ្លាក់មិនបានទៅធ្វើការនៅប្រទេសកូរ៉េ។
៥- ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់សារធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម សូមធ្វើការប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ មុនធ្វើការសន្និដ្ឋាន វាយតម្លៃសភាពការណ៍ ឬរឿងរ៉ាវទាំងឡាយដែលកើតឡើង ចៀសវាងការយល់ច្រឡំបង្ករឲ្យមានចលាចលសង្គម និងមានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមេត្តាទទួលជ្រាបជាព័ត៌មាន ៕



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province