ងោកមួយភាំង បើករថយន្តកុងតឺន័រ បុកបង្គោលស្លាកបាណូ និងបង្គោលស្លាកសញ្ញាចរាចរណ៍ បាក់ខូចខាតអស់៣ដើម ហើយបើករត់បាត់ តែត្រូវគេថតស្លាកលេខបានទុកឲ្យនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវយកមកចាត់ការតាមច្បាប់
រាជធានីភ្នំពេញ ៖ បង្គោលស្លាកប៉ាណូផ្សព្វផ្សាយពានិជ្ជកម្មមួយ និងបង្គោលស្លាកសញ្ញាចរាចរណ៍ ២ដើមទៀត ត្រូវបានរថយន្តកុងតឺន័រធុនធំ ពាក់ស្លាកលេខភ្នំពេញ 3D-1960 សង្ស័យអ្នកបើកបរងងុយគេង បានរេចង្កូតឡើងសួនច្បារពុះចែកផ្លូវ ទៅបុកបាក់របើកទាំងគល់ បន្ទាប់ពីមេឃធ្លាក់ភ្លៀងមួយមេយ៉ាងធំកាលពីយប់មិញនេះ ហើយភ្លាមនោះរថយន្តបង្កមិនព្រមឈប់ដោះស្រាយទេ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏នេះបានកើតឡើងនៅវេលាម៉ោង០២:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចក្រោមស្លាកប៉ាណូធំAIA មុខច្រកចូលអតីតទីលានចាក់សំរាម(ស្ទឹងមានជ័យ) ផ្លូវមុនីរ៉េត(២១៧) សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់យ៉ាងខ្លាំងអស់រយៈពេលជាច្រើនម៉ោងជាប់គ្នា លុះពេលភ្លៀងរាំងបន្តិច ស្រាប់តែមានរថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង ម៉ាក FUSU ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3D-1960 បើកបរក្នុងល្បឿនលឿន ទិសដៅពីជើងមកត្បូងតាមបណ្ដោយផ្លូវមុនីរ៉េត(២១៧) លុះមកដល់ម៉ោងកើតហេតុ សង្ស័យអ្នកបើកបរងងុយគេង ងោកមួយភាំង ទើបរេចង្កូតទៅខាងឆ្វេងដៃឡើងលើសួនច្បារពុះចែកផ្លូវ ទៅបុកបង្គោល ស្លាកបាណូផ្សព្វផ្សាយពាណិជ្ជកម្មបាក់របើកទាំងគល់ និងទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ ប្រាប់ទិសផ្លូវបាក់ និងខូចខាតអស់២ដើមទៀត បត់ករថយន្តកណ្ដាលផ្លូវ ភ្លាមៗនោះគេឃើញអ្នកបើកបរប្រញាប់ប្រញាល់ចុះមកមើលរថយន្តរបស់ខ្លួន ហើយឡើងបើកថយក្រោយបន្តិច រួចបន្ថែមល្បឿន បើកបន្តដំណើរទៅមុខទៀតរត់បាត់ស្រមោល ។
ប្រភពបន្តថា ចាត់ទុកជាសំណាងមួយដែលរថយន្តបង្កនិងរេចង្កូតទៅបុកយានយន្ត ឬម៉ូតូអ្នកដំណើរផ្សេងទៀត ហើយភ្លាមៗនោះ ពួកគាត់ក៏បានចេញទៅឃាត់រថយន្តបង្កដែរ តែអ្នកបើកបររថយន្តបង្កមិនខ្វល់ទេ ព្រោះតែមិនមែនជាសមត្ថកិច្ច ទើបតៃកុងរថយន្តបានឡើងបើករថយន្តថយក្រោយបន្តិច ហើយបន្ថែមល្បឿនបើកបន្តដំណើរគេចចេញទៅបាត់តែម្ដង ហើយអ្នកឃើញហេតុការណ៍បានជួយថតស្លាកលេខអោយដែរ គឺរថយន្តម៉ាក ម៉ាក FUSU ពណ៍បៃតង ពាក់ស្លាកលេខភ្នំពេញ 3D-1960 រួចរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចុះមកពិនិត្យមើលផងដែរ។
បច្ចុប្បន្នក្រោយកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះមកកន្លែងកើតហេតុពិនិត្យមើល ហើយរាយការណ៍ប្រាប់ផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីធ្វើការស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត