ព័ត៌មានជាតិ
ចាប់ខ្លួនកូនប្រសារប្រុសម្នាក់ ក្រោយជះទឹកអាស៊ីតដាក់ឳពុកក្មេក បណ្ដាលឲ្យរងរបួសធ្ងន់
BY Khmernote Media
July 25, 2020
ខេត្តត្បូងឃ្មុំ៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចាប់ខ្លួនជនសង្ស័យក្នុងករណីហិង្សាដោយចេតនាក្រោយពីបានជះទឹកអាស៊ីទៅលើជនរងគ្រោះដែលត្រូវជាឪពុកក្មេក បណ្ដាលឱ្យរងរបួសធ្ងន់ ។

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦:៣០នាទី នៅចំណុចភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ មានករណីហិង្សាដោយចេតនា ក្រោយពីបានជះទឹកអាស៊ី ទៅលើជនរងគ្រោះដែលត្រូវជាឪពុកក្មេករបស់ខ្លួន បណ្ដាលឱ្យរងរបួសធ្ងន់បង្កឡើងដោយជនសង្ស័យឈ្មោះ យឹង សំអាត ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។
ចំណែកជនរងគ្រោះឈ្មោះ អំ សាន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ជនសង្ស័យសារភាពថាខ្លួនពិតជាបាន ជះទឹកអាស៊ីតទៅលើឪពុកក្មេកប្រាកដមែន ក្នុងខណៈពេលឪពុកក្មេកស្រវឹងស្រា កាន់កណ្ដៀវ ដងវែងទៅរករឿងខ្លួន ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

