មេឃធ្លាក់ភ្លៀងយ៉ាងខ្លាំង! រថយន្ត KIA CARNIVAL ពន្លះរថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើងម្ខាង នៅផ្លូវ៦០ម៉ែត្រ
រាជធានីភ្នំពេញ៖ ស្ដែងៗណាស់! រថយន្តបែនដឹកដីមួយគ្រឿងក្រឡាប់ផ្ងារជើងម្ខាងទាំងមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង បន្ទាប់ពីបើកបរក្នុងល្បឿនលឿន គេចរថយន្តមួយគ្រឿងដែលបត់ឆ្លងផ្លូវ ចូលគន្លងម្ខាងទៀត ត្រូវបានរថយន្តមួយគ្រឿង KIA CARNIVAL បើកក្នុងស្ថានភាពល្បឿនលឿន ក៏ជ្រុលទៅបុកចំយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៧:៥០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅត្រង់ចំណុច ជិតមាត់ច្រកចូលផ្លូវបេតុង (ក្រោយផ្សារក្រមួន ) លើកំណាត់ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្ដីអ្នកបើកបររថយន្តដឹកដីបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ខ្លួនបានបើករថយន្តដឹកខ្សាច់ខាងលើម៉ាក NISSAN ចង្កូតស្ដាំ ពណ៍ស ពាក់ស្លាកលេខចង្កូតស្ដាំ PP-0536 បើកបរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែមានរថយន្ត (មិនចាំម៉ាក ) មួយគ្រឿង បើកបរបញ្ច្រាសទិសដៅចរាចរណ៍គ្នាពីជើងមកត្បូង រួចបត់ឆ្វេងចូលផ្លូវបេតុងលឿនស្លេវ ទើបធ្វើឲ្យគាត់កាច់ចង្កូតគេចមកខាងឆ្វេងចូលគន្លងម្ខាងទៀត ស្រាប់តែត្រូវបានរថយន្តមួយគ្រឿង ម៉ាក KIA CARNIVAL ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AX-6873 បើកបរដោយបុរសម្នាក់ បើកក្នុងស្ថានភាពល្បឿនលឿន ទិសដៅពីជើងមកត្បូង ក៏ជ្រុលទៅបុកចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តបែនដីខ្សាច់ខាងលើ ក្រឡាប់ផ្ងារជើងម្ខាងតែម្ដង ចំណែកឯរថយន្ត KIA CARNIVAL រងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្តផងដែរ តែមិនបណ្ដាលឲ្យអ្នកបើករថយន្តទាំងពីរគ្រឿងរងរបួសធ្ងន់ធ្ងរទេ គ្រាន់តែរបួសស្រាលគ្រេចដៃម្ខាងដូចគ្នា។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណើរឆ្លងកាត់កន្លែងកើតហេតុ ឈប់ចោមរោមមើលព្រោងព្រាត ព្រោះមិនដែលឃើញ រថយន្តធុនតូចបុករថយន្តដឹកដីក្រឡាប់ តែពេលនេះឃើញផ្ទាល់ភ្នែកក៏ឈប់មើលពេញកន្លែងកើតហេតុ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍ និងចៀសវាងកុំអោយមានយានយន្តផ្សេងទៀត បើកទៅបុកបន្ថែមទៀត។ ក្រោយមកតៃកុងរថយន្តដឹកខ្សាច់បានទូរស័ព្ទហៅថៅកែមកជួយដោះស្រាយ និងចរាចរណ៍ជាមួយភាគីខាងរថយន្ត KIA CARNIVAL ផងដែរ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចអោយភាគីទាំងសងខាងដោះស្រាយគ្នាមួយជំហនសិន ដោយភាគីខាងថៅកែរថយន្តដឹកខ្សាច់ សុខចិត្តយករថយន្ត KIA CARNIVAL ទៅជួសជុលអោយ ដើម្បីបញ្ចប់រឿងចំណែកឯរថយន្តបែនដឹកខ្សាច់ ត្រូវបានម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕









ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត