លោកជំទាវ ឱ វណ្ណឌីន ព្រមានអ្នកដើរកំសាន្តទាំងអស់ កុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩ ឲ្យសោះ ព្រោះលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៌ យើងមិនអាចមើលរំលងបានឡើយ
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលបានប្រកាសអំពីវិជ្ជមានថ្មីចំនួន២៣នាក់ ដែលជាករណីនាំចូលនៅកម្ពុជា ដែលវាជាចំនួនមួយច្រើនសម្រាប់ប្រទេសយើង។ ទន្ទឹមនឹងគ្នានេះដែរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារអប់រំក្រើនរំលឹកមួយដែលបង្ហោះចេញពីទំព័រ Facebook ផ្លូវការរបស់ក្រសួងសុខាភិបាល ដើម្បីអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនពីការឆ្លងនៃជំងឺ កូវីដ-១៩។ សារអប់រំនោះមានអត្ថន័យដូចតទៅ៖

“លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៌ យើងមិនអាចមើលរំលងបានឡេីយ៖ យើងមិនត្រូវមើលរំលងលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៌នោះឡើយ។ ដូច្នេះហើយ បានជាក្រសួងសុខាភិបាល តែងតែអំពាវនាវហើយអំពាវនាវទៀត សូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ ថ្ងៃនេះ ថ្វីត្បិតតែការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ ទៀត ជាករណីនាំចូលក៏ពិតមែន តែវាជាចំនួនច្រើនណាស់ ដែលយើងមិនអាចដឹងបានថា តើបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ? ដូច្នេះ សូមអ្នកដើរកំសាន្តទាំងអស់ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ដែលអាចកើតមានគ្រប់ពេលវេលា គ្រប់កាល:ទេស: និងគ្រប់ទីកន្លែងទាំងអស់។ សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩ នេះឲ្យសោះ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ ចៀសផុតការចម្លងវីរុសដ៏កាចសាហាវមកបុគ្គល មកក្រុមគ្រួសារ និងចៀសផុតពីការចម្លងចូលសហគមន៌ជាបន្តទៀត។ សូមរីករាយថ្ងៃចុងសប្តាហ៌ទាំងអស់គ្នា និងសូមអរគុណ។ អត្ថបទសារអប់រំ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា”


