កង់បីឥណ្ឌាចាប់ហ្វ្រាំងមិនស៊ីបុកគូទរថយន្តគេមួយទំហឹងរួញខ្លួនឯង និងកៀបតៃកុងជាប់ក្នុងកាប៊ីន ហើយកង់បីឆ្លងភ្លើងហុយផ្សែងទ្រលោមប្រហោងពោះគ្រប់គ្នា ស៊យទៀតនោះមានអ្នកបន្លំលួចទូរស័ព្ទទៀត
រាជធានីភ្នំពេញ ៖ កៀបអ្នកបើកកង់បីឥណ្ឌាដឹកបន្លែទៅផ្សារ ជាប់ក្នុងកាប៊ីន បន្ទាប់ពីបើកលឿនពេក ជាន់ហ្វ្រាំងទាំងបង្ខំមិនស៊ីជ្រុលទៅបុកពីក្រោយរថយន្ដ TACOMA ដែលបន្ថយល្បឿនឈប់ស្តុបពេញមួយទំហឹង បណ្ដាលឲ្យកង់បីឥណ្ឌារួញកៀបអ្នកបើកបរ រងរបួសបែកឈាមពេញខ្លួនប្រាណដៃជើង និងខ្ទាតបន្លែរាយប៉ាយពេញផ្លូវ ហើយមួយសន្ទុះក្រោយមកកង់បីក៏ឆ្លងប្រព័ន្ធភ្លើងហុយផ្សែងទ្រលោម ផ្អើលសមត្ថកិច្ចមូលដ្ឋានដែលល្បាតប្រទះឃើញ រួមទាំងប្រជាពលរដ្ឋនិងអ្នកដំណើរនាំគ្នាចុះទៅជួយទាញ ទំរាំយកចេញមកក្រៅបាន ប្រហោងពោះគ្រប់គ្នា អំឡុងពេលនោះក៏មានជនឆ្លៀតឱកាស មកធ្វើជាជួយដែរ តែតាមពិតបន្លំលួចទូរស័ព្ទ Oppo ដែលដាក់ជាប់មុខដៃចង្កូត រួចយកទៅបាត់ថែមទៀតផង ។

ហេតុការណ៍នេះបានបង្កកការភ្ញាក់ផ្អើលនេះបានកើតឡើងនៅចំណុចស្តុបស្ថានទូតវៀតណាម ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាម៉ោង០២:២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ។ ក្រោយពេលកើតហេតុ រថយន្ត TACOMA បានបន្តដំណើរទៅមុខទៀតបាត់ស្រមោលទៅ ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានប្រាប់ដូច្នេះថា នៅមុនពេលកើត គេឃើញកង់បីឥណ្ឌាខាងលើបើកបរដោយបុរសម្នាក់ មិនចាំស្លាកលេខទេ ដឹកបន្លែពេញលើកង់បី បានធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បែរជាជាន់ហ្វ្រាំងទាំងបង្ខំមិនស៊ី ទើបជ្រុលទៅបុកពីក្រោយរថយន្ដ TACOMA ពណ៌ខ្មៅ មិនចាំស្លាកលេខមួយគ្រឿង ដែលបន្ថយល្បឿនបម្រុងឈប់ស្តុបពេញមួយទំហឹង បណ្ដាលឲ្យកង់បីឥណ្ឌារួញកៀបជាប់អ្នកបើកបរ រងរបួសបែកឈាមពេញខ្លួនប្រាណដៃជើង និងខ្ទាតបន្លែរាយប៉ាយពេញផ្លូវ ត្រូវបានសមត្ថកិច្ចមូលដ្ឋានមានទាំងអាវុធហត្ថខណ្ឌចំការមន និងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ ដែលល្បាតក្នុងមូលដ្ឋានប្រទះឃើញ ក៏ហៅរថយន្តគិលានសង្គ្រោះមកដល់ភ្លាមៗផងដែរ រួមទាំងប្រជាពលរដ្ឋនិងអ្នកដំណើរនាំគ្នាចុះទៅជួយទាញចេញមកក្រៅ ។
ប្រភពបន្តថា តែមិនទាន់យកចេញមកបានផង មួយសន្ទុះក្រោយមកស្រាប់តែកង់បីឥណ្ឌានោះ មានបញ្ហាឆ្លងប្រព័ន្ធភ្លើង ហុយផ្សែងទ្រលោម ធ្វើឲ្យអ្នកកំពុងជួយប្រហោងពោះគ្រប់គ្នា ទំរាំយកចេញមកក្រៅបាន អំឡុងពេលនោះក៏មានជនឆ្លៀតឱកាស មកធ្វើជាជួយដែរ តែតាមពិតបន្លំលួចទូរស័ព្ទ Oppo ដែលដាក់ជាប់មុខដៃចង្កូត រួចធ្លាក់មកលើតាបលូកង់បីនោះ យកទៅបាត់ថែមទៀតផង ។
បើតាមសម្ដីម្ចាស់កង់បីឥណ្ឌា បានរៀបរាប់ថា លោកសូមថ្លែងអំណរអរគុណបងប្អូនទាំងអស់ ដែលបាននាំគ្នាជួយសង្គ្រោះលោក គឺមានទាំងនគរបាល មានទាំងអាវុធហត្ថ និងប្រជាពលរដ្ឋ និងអ្នកដំណើរបាននាំគ្នាមួយជួយសង្គ្រោះរូបលោក ទំរាំយកចេញមកក្រៅបាន លោកសូមអរគុណទឹកចិត្តដ៏សប្បុសទាំងនេះ និងចងចាំទុកជានិច្ច ហើយស្នើដល់សមត្ចកិច្ចជួយស្រាវជ្រាវរកមុខចោរបន្លំលួចទូរស័ព្ទរបស់លោកនោះអោយបានផង ទូរស័ព្ទ Oppo របស់លោកមានតម្លៃមិនថ្លៃទេ ត្រឹមតែជិត៤០០ដុល្លារប៉ុណ្ណោះ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ក៏បានចុះមកដល់ ហើយអោយជនរងគ្រោះទូរស័ព្ទហៅក្រុមគ្រូសារ យកកង់បីឬរ៉ឺម៉កមកសាង បន្លែដែលល្អយកទៅដាក់អោយម៉ូយបន្តទៀត និងបានណែនាំអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ឬទៅលាងរបួសនៅឯមន្ទីរពេទ្យសិនក៏បានដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត