ព្រៃផ្សៃមែន! ស្រេកទឹក ប្រើប្រពន្ធទៅយកទឹកឲ្យផឹក តែប្រពន្ធមិនទៅ ប្តីអប្រិយស្ទុះទៅធាក់ប្រពន្ធមួយជើងចំចង្កេះ បណ្ដាលឲ្យដួលប្រកាច់សន្លប់ស្ដូកស្ដឹង ក្រោយមកស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនដោយប្រើប្រាស់អំពើហិង្សាទៅលើប្រពន្ធធាក់មួយជើងចំចង្កេះ បណ្ដាលឲ្យដួលប្រកាច់សន្លប់ស្ដូកស្ដឹងភា្លមៗ បន្ទាប់មកបុរសជាប្តីក៏បានបញ្ជូនប្រពន្ធទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ ស្ត្រីជាប្រពន្ធបានបាត់បង់ជីវិតទៅហើយ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២:៣០នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងការដ្ឋានសំណង់មួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យជាប្តីឈ្មោះ ឆែម ងិហ៍ អាយុជាង ៣០ឆ្នាំ មុខរបរកម្មករសំណង់ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ សុខ ឃុន អាយុ ៣៩ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា ហើយអ្នកទាំងពីររស់នៅក្នុងភូមិកណ្តាល ឃុំផ្ទះរូង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងបានមកស្នាក់នៅធ្វើជាកម្មករសំណង់ក្នុងខ្ទមកើតហេតុខាងលើ។
តាមប្រភពពីអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាប្ដីបានចេញទៅផឹកស៊ីជាមួយមិត្តភក្កិនៅខាងក្រៅ រហូតដល់ស្រវឹងធ្លាក់ភ្នែកទើបវិលត្រឡប់ទៅកាន់ខ្ទមស្នាក់នៅវិញ រួចបានចូលដេកទាំងថ្ងៃ លុះដល់វេលាម៉ោង២:៣០នាទីរសៀលថ្ងៃកើតហេតុ បុរសជាប្ដីក្រោកឡើង ឃ្លានស្រែកទឹកបានប្រើប្រពន្ធឲ្យទៅយកទឹកឲ្យខ្លួនផឹក ប៉ុន្តែប្រពន្ធមិនព្រមទៅ ធ្វើឲ្យជនសង្ស័យជាប្ដីផ្ទុះកំហឹងលោតធាក់មួយជើងចំចង្កេះ បណ្ដាលឲ្យស្ត្រីរងគ្រោះជាប្រពន្ធដួលប្រកាច់សន្លប់បាត់មាត់ឈឹង។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលឃើញប្រពន្ធសន្លប់ ជនសង្ស័យជាប្តីបានលើកប្រពន្ធដាក់លើភ្លៅ ហើយខំប្រឹងធ្វើចលនាបេះដូងសង្គ្រោះបឋម ប៉ុន្តែនាងមិនបានដឹងខ្លួនឡើយ ទើបស្រែកហៅអ្នកជិតខាងឲ្យជួយនាំយកប្រពន្ធទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះបន្ទាន់។ លុះពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ហើយស្ត្រីជាប្រពន្ធក៏បានបាត់បង់ជីវិត ទើបក្រោយមកដឹកសពត្រឡប់មកកាន់ទីកន្លែងកើតហេតុវិញនាវេលាល្ងាចថ្ងៃកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការឃាត់ខ្លួនបុរសជាប្ដីនោះនាំទៅធ្វើការសាកសួរ និងចាត់ការតាមច្បាប់តែម្ដង ៕




