អ្នកប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩
យោងតាមការចុះផ្សាយរបស់ CNN បានឱ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក រ៉ូប៊ឺត អូប្រាយអិន (Robert O’Brien) បានធ្វើតេស្តិ៍វិជ្ជមានជាមួយជំងឺ COVID-19 ។ សេតវិមានបាននិយាយកាលពីថ្ងៃច័ន្ទថា លោកទីប្រឹក្សាមានរោគសញ្ញាស្រាល ហើយគាត់កំពុងនៅដាច់ដោយឡែក និងធ្វើការពីកន្លែងដែលមានសុវត្ថិភាព។ វាមិនច្បាស់ទេថាលោកទីប្រឹក្សាបានប៉ះពាល់ជាមួយលោក ដូណាល់ ត្រាំ ប៉ុន្តែពួកគេធ្លាប់ជួបគ្នានៅឯបញ្ជាការដ្ឋានអាមេរិកខាងត្បូងនៅទីក្រុងម៉ៃអាមី កាលពីថ្ងៃទី១០ ខែកក្កដា។

លោក រ៉ូប៊ឺត អូប្រាយអិន ជាជំនួយការកំពូលម្នាក់របស់លោក ដូណាល់ ត្រាំ ហើយថ្មីៗនេះគាត់បានវិលត្រឡប់មកពីអឺរ៉ុបវិញ ដែលនៅទីនោះលោក និងអនុប្រធានជាន់ខ្ពស់របស់លោកបានជួបជាមួយមន្រ្តីមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានប្រាប់ CNN ថាលោក រ៉ូប៊ឺត អូប្រាយអិន បានចំណាយពេលវិស្សមកាលគ្រួសារមួយ ហើយវាទំនងជាគាត់បានប៉ះពាល់នឹងមេរោគនៅពេលនោះ បន្ទាប់ពីដំណើរទៅអឺរ៉ុបរបស់គាត់។ បុគ្គលិកនៅឯសេតវិមានក៏បានធ្វើតេស្ដរកជំងឺ COVID-19 ជាប្រចាំថ្ងៃផងដែរ ដើម្បីការពារហានិភ័យនៃការរាលដាល៕


អត្ថបទ៖ លីដា
ប្រភព៖ CNN