ជំងឺរាតត្បាតជាសកល COVID-19 និងផលប៉ះពាល់របស់វា អាចធ្វើឱ្យកុមារ ១០,០០០នាក់ ត្រូវស្លាប់ជារៀងរាល់ខែដោយសារភាពអត់ឃ្លាន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ជប៉ុនថែមស៍ នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ជំងឺរាតត្បាតជាសកល COVID-19 និងផលប៉ះពាល់របស់វា កំពុងជំរុញឱ្យកុមារដែលរស់នៅក្នុងភាពអត់ឃ្លានស្រាប់កាន់តែចុះដុនដាបថែមទៀត។ អង្គការសហប្រជាជាតិបានព្រមានថា វិបត្តិនេះអាចនឹងសម្លាប់កុមារប្រមាណ ១០,០០០នាក់ ក្នុងមួយខែៗ ដោយសារកសិដ្ឋានតូចៗមិនមានមធ្យោបាយក្នុងការចែកចាយផលិតផលទៅទីផ្សារ ខណៈដែលភូមិក្រីក្រនៅដាច់ឆ្ងាយពីការផ្គត់ផ្គង់អាហារ និងវេជ្ជសាស្ត្រ។ លើសពីនេះទៀតកុមារជាង ៥៥០,០០០នាក់ ក្នុងមួយខែៗ កំពុងរងការវាយប្រហារដោយភាពស្គមស្គាំង ដោយមានអវយវៈតូច និងអាការប៉ោងពោះជាដើម។

នៅក្នុងការអំពាវនាវឱ្យមានសកម្មភាពចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មាន The Associated Press អង្គការដែលជាសាខារបស់អង្គការសហប្រជាជាតិចំនួន ៤ បាននិយាយថា ការកើនឡើងនូវកង្វះអាហារូបត្ថម្ភនឹងមានផលវិបាករយៈពេលវែង ជាមួយនឹងសោកនាដកម្មនីមួយៗទំនងជាប្រែក្លាយជាមហន្តរាយ។ ប្រធានផ្នែកអាហារូបត្ថម្ភរបស់អង្គការសុខភាពពិភពលោកលោក Francesco Branca មានប្រសាសន៍ថា៖«ផលប៉ះពាល់សន្ដិសុខស្បៀង ដែលបង្កដោយវិបត្ដិ COVID-19 កំពុងនឹងប៉ះពាល់ជាច្រើនឆ្នាំចាប់ពីពេលនេះតទៅ។ វានឹងមានផលប៉ះពាល់ដល់សង្គមទាំងមូល»។ ក្នុងរយៈពេលមួយឆ្នាំទៀតកុមារចំនួន ៤៧លាននាក់ អាចប្រឈមនឹងភាពអត់ឃ្លានកាន់តែខ្លាំង ខណៈភាពស្គមស្គាំងនិងក្រិនរបស់កុមារ អាចធ្វើឱ្យខូចខាតដល់កុមារទាំងផ្លូវកាយនិងផ្លូវចិត្តជាអចិន្ត្រៃយ៍៕



អត្ថបទ៖ លីដា
ប្រភព៖ Japan Times