សាំងហ្គាពួរមានករណីជំងឺកូវីដ១៩ សរុបជិត ៥១,២០០ ករណី បន្ទាប់ពីបានរកឃើញករណីថ្មីចំនួន ៣៥៩ នៅថ្ងៃនេះ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នារសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដា សាំងហ្គាពួររកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣៥៩ ករណី ដែលនាំឱ្យករណីសរុបរបស់ប្រទេសនេះមានដល់ទៅ ៥១,១៩៧ ករណី។ ករណីថ្មីទាំងនេះរួមមានករណីក្នុងសហគមន៍ចំនួន ១ និងករណីនាំចូលចំនួន ២ ហើយក្រៅពីនោះគឺសុទ្ធតែជាពលករបរទេស ដែលកំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។

គិតត្រឹមថ្ងៃច័ន្ទនេះ សាំងហ្គាពួរបានរំសាយអ្នកជំងឺចំនួន ១៧១ នាក់ទៀត ដែលនាំឱ្យចំនួនជាសះស្បើយបានកើនដល់ ៤៥,៦៧៧ នាក់។ ឥឡូវនេះសាំងហ្គាពួរនៅសល់អ្នកជំងឺ ១៧៩នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ និងអ្នកជំងឺ ៤,៩៤០នាក់ កំពុងព្យាបាលតាមមូលដ្ឋានសហគមន៍។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ក៏មាន ២៧នាក់ ផងដែរ ហើយមាន ១៥នាក់ ផ្សេងទៀតបានស្លាប់បន្ទាប់ពីបានជាពី COVID-19 ។ ទូទាំងពិភពលោកមានករណីសរុបជាង ១៦.២ លាននាក់ ខណៈមានមនុស្ស ៦៥០,០០០ បានស្លាប់ ដោយសារជំងឺនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ The Straits Times