ផឹកស៊ីចាក់ធុងបាសលឺៗពេករំខានដេកមិនលក់ ក៏ដើរទៅប្រាប់ឲ្យជួយបន្ថយសម្លេងបន្តិច តែជនបង្កមិនបន្ថយសម្លេង រហូតមានការឈ្លោះប្រកែកគ្នា ហើយវាយជនរងគ្រោះបែកក្បាល
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១៦ ៖០០នាទី កំលាំងផ្នែកជំនាញ នឹងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានឃាត់ជនសង្ស័យចំនួន០១នាក់ ដែលបានប្រព្រឹត្ដហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ( យកដំបងឈើជ្រុងវាយ បណ្ដាលឲ្យបែកក្បាលចេញឈាម ) កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣៖០០ នាទី នៅចំណុចមុខឃ្លាំងហ៊ុងស៊ីង គ្មានលេខ ផ្លូវ៤៧៥ ក្រុម៥ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ពន ភឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅឃ្លាំងហ៊ុងស៊ីង គ្មានលេខ ផ្លូវ៤៧៥ ក្រុម ៥ ភូមិ ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរមេកាមើលឥវ៉ាន់ ។ ជនរងគ្រោះឈ្មោះ លាវ លីដែត ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅឃ្លាំងហ៊ុងស៊ីង គ្មានលេខ ផ្លូវ៤៧៥ ក្រុម ៥ ភូមិ ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, មុខរបរ៖ កម្មករ ។ របួសចំនួន ០២ កន្លែង ចំកំភួនដៃខាងឆ្វេង និង បែកក្បាលខាងក្រោយ ដេរចំនួន ១០ ថ្នេរ ។ វត្ថុតាងចាប់យក ដំបងឈើបន្ទះជ្រុងចំនួន ០១ ដើម ប្រវែង ០.៦ តឹក។
ដំណើររឿងហេតុ៖ មុនពេលកើតហេតុថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២៣៖០០នាទី ជនសង្ស័យ និងជនរងគ្រោះ ព្រមទាំងក្រុមការងារ បានផឹកស៊ីជាមួយគ្នា នៅឃ្លាំងហ៊ុងស៊ីង គ្មានលេខ ខាងលើ (កន្លែងកើតហេតុ) ពេលផឹកបាន០១ កំប៉ុងជនរងគ្រោះ ក៏ឈប់ផឹក រួចដើរដេក ប៉ុន្ដែដេកមិនលក់ ព្រោះសម្លេងធុងបាសលឺៗពេក ពេលនោះជនរងគ្រោះបានដើរទៅប្រាប់ជនសង្ស័យឲ្យបន្ថយសម្លេង ចំនួន ០៣លើក ប៉ុន្ដែជនសង្ស័យមិនបានបន្ថយសម្លេងធុងបាសទេ ហើយជនរងគ្រោះបានទៅដកខ្សែព្រីភ្លើង យកទៅដោតកង្ហារនៅកន្លែងខ្លួនដេក ពេលនោះជនសង្ស័យខឹង និងស្រែកខ្លាំងៗ ដាក់ជនរងគ្រោះ រួចក៏យកដំបងបន្ទះឈើជ្រុងចំនួន ០១ ដើម វាយទៅលើជនរគ្រោះ ចំនួន ០២ ដំបង ត្រូវចំដៃខាងឆ្វេង និងបែកក្បាលខាងក្រោយចេញឈាម រួចជនរងគ្រោះរត់ចេញក្រៅពីរបងឃ្លាំង និងស្រែកឲ្យគេជួយ ភ្លាមនោះក៏បានសន្ដិសុខ ហៅឡានសង្គ្រោះ នាំជនរងគ្រោះ ទៅព្យាបាលនៅមន្ទីពេទ្យ ម្ដុំផ្សារដេប៉ូ ។ លុះដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១៖០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ហើយសមត្ថកិច្ចយើង ក៏បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅវេលាម៉ោង១៦៖០០ នាទី ថ្ងៃខែឆ្នាំដដែល យកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្ដង ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕
