រន្ធត់ណាស់! បុរស២នាក់ស្លាប់ភ្លាមៗមួយរំពេច ក្រោយជិះម៉ូតូបុករថយន្តដឹកដីពីក្រោយពេញទំហឹង
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ បុរស២នាក់ស្លាប់ភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងម៉ូតូបុកពីក្រោយរថយន្តដឹកដី នៅលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោង០៩:៤៥នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ។

សពជនរងគ្រោះទី១:មានឈ្នោះ ពៅ ចាន់ធា ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរផ្នែកលក់គ្រឿងសំណង់ក្រុមហ៊ុនឯកជន ស្នាក់នៅភូមិចាឡក់ ឃុំគគី ស្រុកគៀនស្វាយ ខេត្តកណ្ដាល។សពទី២មានឈ្មោះ ដូ ភេទប្រុស អាយុ៣០ឆ្នាំ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីក (Honda Click) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GL-9895 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ពីកើតទៅលិច ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកពីក្រោយរថយន្តដឹកដីក្បាលពណ៌ក្រហម ពាក់ស្លាកលេខចង្កូតស្តាំ PP-0912 ក្នុងទិសដៅស្របគ្នា ពីក្រោយពេញទំហឹងបណ្ដាលឲបោកផ្ទប់នឹងរថយន្តបាក់ជើងម្ខាង និងបែកក្បាលទាំងពីរនាក់ស្លាប់ភ្លាមៗមួយរំពេច ឃើញសភាពមិនស្រួល រថយន្តបែកដឹកដីក៏បានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ បត់ចូលតាមផ្លូវបេតុង ជិតវត្តក្បាលកោះ រួចប្លុងរថយន្តចោលគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយករថយន្តខាងលើ និងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ បងម៉េង ខ្មែរណូត