ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ទីក្រុងដាណាងរបស់វៀតណាម រកឃើញករណីកូវីដ១៩ ក្នុងសហគមន៍ចំនួន ៨ បន្ថែមទៀត នាព្រឹកថ្ងៃពុធនេះ

    BY autoadmin July 29, 2020
    ទីក្រុងដាណាងរបស់វៀតណាម រកឃើញករណីកូវីដ១៩ ក្នុងសហគមន៍ចំនួន ៨ បន្ថែមទៀត នាព្រឹកថ្ងៃពុធនេះ

    យោងតាមក្រសួងសុខាភិបាលវៀតណាមនាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសនេះរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៨ បន្ថែមទៀត ហើយទាំងអស់ជាករណីក្នុងសហគមន៍ ដែលនាំឱ្យវៀតណាមមានករណីឆ្លងសរុបដល់ ៤៤៦ករណី។ ក្រសួងបាននិយាយថា ករណីថ្មីទាំង ៨នាក់ គឺមានអាយុពី ១៩ ទៅ ៦៨ឆ្នាំ ហើយសុទ្ធតែជាអ្នកស្រុកនៅក្រុងដាណាងភាគកណ្តាល។ ម្សិលមិញនេះវៀតណាមក៏មានករណីឆ្លងក្នុងសហគមន៍ថ្មីចំនួន ៧ ផងដែរ ដោយពួកគេមានអាយុចន្លោះពី ២៩ ដល់ ៧១ឆ្នាំ ជាអ្នកស្រុកក្នុងទីក្រុងដាណាងភាគកណ្តាល និងខេត្តក្វាងណាម។ គិតចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន វៀតណាមបានរាយការណ៍ករណីក្នុងសហគមន៍សរុបចំនួន ៣០ ករណីហើយ។

    ទីក្រុងទេសចរណ៍ដាណាង ដែលជាចំណុចក្ដៅនៃការឆ្លងថ្មីៗនេះ បានបង្កើតវិធានការណ៍រក្សាគម្លាតកាលពីចុងសប្តាហ៍ បន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាក់ពីករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ដំបូងក្នុងរយៈពេលជាង ៣ខែ។ ប្រទេសវៀតណាមបានបិទទ្វារទេសចរណ៍បរទេសយូរមកហើយ ប៉ុន្តែមានការកើនឡើងនៃភ្ញៀវទេសចរក្នុងស្រុក ដោយសារជើងហោះហើរ និងកញ្ចប់វិស្សមកាលទៅកាន់រមណីយដ្ឋានក្នុងស្រុក មានការបញ្ចុះតម្លៃ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា រហូតមកដល់ពេលនេះវៀតណាមមិនបានកត់ត្រាពីការស្លាប់ទាក់ទងនឹងជំងឺ COVID-19 នោះទេ ខណៈពេលដែលមានមនុស្សជាង ១៥,០០០ នាក់ កំពុងធ្វើចត្តាឡីស័ក និងក្រោមការឃ្លាំមើលនៅក្នុងប្រទេសនេះ៕

    អត្ថបទ​៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: