ក្រុមហ៊ុន Apple នឹងបើកហាងទី២ របស់ខ្លួននៅប្រទេសថៃចុងខែនេះ ជាមួយនឹងស្ថាបត្យកម្មយ៉ាងប្លែកភ្នែក
- BY
- autoadmin
- July 29, 2020
ក្រុមហ៊ុន Apple បានប្រកាសនឹងសម្ពោធ Apple Central World ទីក្រុងបាងកក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ហើយនៅមុនការបើកសម្ពោធជាផ្លូវការ រូបភាពនៃស្ថាបត្យកម្មគួរឱ្យភ្ញាក់ផ្អើលរបស់ហាងថ្មីនេះ ក៏ត្រូវបានថតបង្ហោះចែកចាយតាមបណ្ដាញជាបណ្ដើរៗផងដែរ។ នៅក្នុងរូបភាពមួយចំនួនវាបានបង្ហាញពីអក្សរថៃនៅខាងក្រៅហាង ក៏ដូចជានៅលើឡូហ្គោរបស់វាផងដែរ ប៉ុន្តែការពិតទៅទាំងអស់នោះគឺគ្រាន់តែជាស្គុតខ្មៅបិទពីលើប៉ុណ្ណោះ។

នៅចំកណ្តាល Apple Central World ផ្នែកខាងក្នុងវិញ គឺជាឈើរាងកោងដ៏ធំសម្បើមដុះឡើងលើ ហើយ Apple បានហៅការរចនានេះថាជា Tree Canopy ខណៈជញ្ជាំងខាងក្រៅរបស់ហាងទាំងមូលគឺជាផ្ទាំងកញ្ចក់។ រូបរាងមូលរបស់ Apple Central World មើលទៅស្រដៀងសាលមហោស្រព Steve Jobs ដែលជាបទពិសោធន៍ថ្មីទាំងស្រុងបង្កើតឡើងសម្រាប់ទីក្រុងបាងកក។ ធាតុផ្សំនៃការរចនាដូចជា បរិក្ខារឈើ ឈើរាងកោងទៅខាងលើ និងពីដានឈើ -ល- កាន់តែធ្វើឱ្យហាង Apple របស់ថៃថ្មីមួយនេះ ទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន។

Apple Central World មានទីតាំងដូចជា Apple Iconsiam ផងដែរ ដែលវាមានទីតាំងតាមបណ្ដោយទន្លេ Chao Phraya ក្នុងនាមជាហាង Apple ទី២ នៅប្រទេសថៃ និងជាងហាងទី៥១១ នៅលើពិភពលោក។ បុគ្គលិកមានជាង ១៣០នាក់ ដែលអាចនិយាយបាន ១៧ភាសា ដែលនឹងជួយដល់ប្រាស្រ័យទាក់ទងក្នុង Apple Central World ទាំងមូល។ ក្រុមហ៊ុន Apple នឹងបន្តប្រតិបត្តិការហាងទាំង២ ហើយនៅថ្ងៃបើកសម្ពោធខាងមុខនេះ Apple Central World នឹងមានការប្រុងប្រយ័ត្នទាំងខាងសុខភាព និងសុវត្ថិភាព ដូចជាការពាក់ម៉ាស់ ការត្រួតពិនិត្យសីតុណ្ហភាព និងការកាត់បន្ថយការប៉ះកាន់៕







អត្ថបទ៖ លីដា
ប្រភព៖ 9to5mac
- Share This Post:






