មន្រ្តីនគរបាលខណ្ឌមានជ័យ៨៤រូប ទទួលបានការកោតសសើរ និងលើកទឹកចិត្ត ពីអគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ និងបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្កិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ
រាជធានីភ្នំពេញ ៖ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចំណុះឲ្យស្នងការដ្ឋានរាជធានីភ្នំពេញ ត្រូវបានទទួលការកោតសសើរ និងលើកទឹកចិត្ត ពីអគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ ដោយបានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសកិ្តជាបន្តបន្ទាប់ ។

ជាក់ស្ដែងកាលពីរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្កិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្រ្តីរបស់ខ្លួន៨៤រូប ដែលពិធីនេះក៏ទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅបរិវេណសាលប្រជុំរបស់សាលាខណ្ឌមានជ័យ ដែលស្ថិតនៅផ្លូវលំ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ចំពោះមន្រ្តីនគរបាលជាតិ ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្កិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ សរុប៨៤រូប ស្រី១៧រូបក្នុងនោះមាន ៖
១/ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង សរុប១៨រូប ស្រី០២រូប ក-នាយផ្នែក០២រូប, នាយរងផ្នែក០៩រូប ខ-នាយរងប៉ុស្តិ៍០៧រូប។
២/បំពាក់ឋានន្តរសក្កិសរុប៤៧រូប ស្រី១៥រូប ក-ថ្នាក់វរសេនីយ៍ត្រី០២រូប ខ-ថ្នាក់អនុសេនីយ៍ឯក២៣រូប(ស្រី០៧រូប) គ-ថ្នាក់អនុសេនីយ៍ទោ ១៣រូប(ស្រី០៣រូប) ឃ-ថ្នាក់អនុសេនីយ៍ត្រី០៥រូប (ស្រី០២រូប) ង-ថ្នាក់ព្រិន្ទបាលឯក០៤រូប(ស្រី០៣រូប) ។
៣-ប្រគល់ប័ណ្ណសរសើរ១១រូប ។
៤-ប្រគល់លិខិតសរសើរ០៨រូប៕
លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ជំរុញដល់ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌមានជ័យ ត្រូវបន្តពង្រឹង នៃការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព នាំមកនូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ។
មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ក៏បានលើកឡើងជំរុញដល់កម្លាំងនគរបាលខណ្ឌមានជ័យ ត្រូវបន្តចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ ដើម្បីធានានិងរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋពីព្រោះករណីបទល្មើស ដូចជា លួច ឆក់ ប្លន់ និងបទល្មើសគ្រឿងញៀន ជាបញ្ហា និងទុក្ខកង្វល់របស់ ប្រជាពលរដ្ឋ ហើយបទល្មើសទាំងនេះ ត្រូវតែដោះស្រាយឲ្យបាន ដើម្បីប្រជាពលរដ្ឋកាន់តែមានជំនឿទុកចិត្ត និងជឿជាក់ ដល់កម្លាំងនគរបាល ជាតិ។ លោកឧត្តមសេនីយ៍ទោបន្តទៀតថា ស្នាក់ការប៉ុស្តិ៍ត្រូវតែមានកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដេីម្បីរងចាំទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប្រើប្រាស់សម្តី និងកាយវិការឲ្យបានសមរម្យ ជាពិសេសផ្តល់សេវាសាធារណៈឲ្យបានលឿន និងឆាប់រហ័សក្នុងការធ្វើសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ មានលក្ខណៈ ល្អប្រសើរទាន់ពេលវេលា ដេីម្បីទទួលបានការសាទរ និងកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋ ៕

ដោយ៖ បងម៉េង ខ្មែរណូត