ស្គាល់គ្នា៣ថ្ងៃ គេពឹងឲ្យឌុបទៅជួបសង្សារ ក៏យកម៉ូតូថៅកែជិះទៅជួបគេ ចុងក្រោយគេធ្វើស៊ីវាយប្លន់យកអស់រលីងពីខ្លួន
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបុរសម្នាក់ទៀតដែលទើបរាប់អានគ្នាបាន៣ថ្ងៃ ទូរស័ព្ទហៅមកអោយជួយដឹកទៅរកសង្សារ ទើបខ្លួនជិះម៉ូតូទៅរកបុរសនោះ ពេលមកដល់ក៏ត្រូវបុរសនោះដឹកអូសក្រឡាចុះឡើង រួចហៅបក្ខពួកមកម្នាក់ទៀត ឡើងជិះពីក្រោយ ហើយគំរាមវាយបើហ៊ានតែស្រែក រួចដឹកចូលច្រកដឿងហែមដ៏ស្ងាត់ រួចវាយយកលុយ២០ម៉ឺនរៀល និងទូរស័ព្ទ Oppo ១គ្រឿង រួមទាំងម៉ូតូមួយគ្រឿងទៀត ហើយគេចខ្លួនបាត់កាលពីវេលាម៉ោង០៩:២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចច្រកដឿងហែមមួយកន្លែង ខាងជើងគល់ស្ពានអាកាសស្ទឹងមានជ័យ ប្រហែល១៥០ម៉ែត្រ ផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ យឿន យឿង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកកង់បីដឹកអីវ៉ាន់ ស្នាក់នៅកន្លែងធ្វើការ ម្តុំអតីតរោងកុនគីរីរម្យ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង មានស្រុកកំណើត នៅខេត្តព្រះវិហារ ។ ម៉ូតូដែលបាត់ទៅ ម៉ាកធូដេ ពណ៌ស មិនចាំស្លាកលេខទេ ព្រោះជាម៉ូតូថៅកែនៅកន្លែងធ្វើការ។
តាមសម្តីរៀបរាប់របស់ជនរងគ្រោះបាន ប្រាប់ឲ្យដឹងថា ដំបូងឡើយដោយសារតែជនសង្ស័យទូរស័ព្ទមកម្ដងហើយម្ដងទៀត ដើម្បីពឹងរូបគាត់អោយជួយជូនទៅជួបសង្សារនៅម្ដុំវត្តភ្នំ ទើបគាត់ចិត្តមិនដាច់ព្រោះយល់ថា ទើបស្គាល់គ្នាបាន៣ថ្ងៃ ក៏យល់ព្រមជូនទៅ ហើយក៏បានយកម៉ូតូរបស់ថៅកែម៉ាកធូដេខាងលើជិះមកជួបជនសង្ស័យ នៅចំណុចមុខផ្ទះសំណាក់មួយកន្លែង ជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជនសង្ស័យក៏ដើរចេញពីច្រកចូលនោះមក រួចឡើងមកបើកម៉ូតូដឹករូបគេ ឆ្វែលចុះឡើង២-៣ជុំ រួចអូសក្រឡាហៅបក្ខពួកមកម្នាក់ទៀតរត់ឡើងជិះពីក្រោយ និងមានកាន់ដុំថ្មនៅជាប់ដៃ រួចគំរាមវាយបែកក្បាល បើហ៊ានតែស្រែក ទើបជនសង្ស័យជាអ្នកឌុបជនរងគ្រោះ ជិះចុះជិះឡើង បត់ចូលទៅក្នុងផ្លូវតូចៗតាមច្រកដឿងហែម ដែលស្ងាត់ហើយងងឹតទៀត រួចក៏ត្រូវពួកជនសង្ស័យព្រួតវាយយកម៉ូតូ និងកាបូបស្ពាយបានសម្រេចតែម្ដង ហើយចែកផ្លូវគ្នា ម្នាក់រត់ត្រលប់ទៅក្រោយ ម្នាក់ទៀតបើកម៉ូតូគេចចេញមកតាមច្រកដឿងហែម ក្បែរគល់ស្ពានស្ទឹងមានជ័យកន្លែងកើតហេតុខាងលើ ភ្លាមនោះរូបគេស្រែកឆោឡោថា ចោរៗដែរ តែមិនមានអ្នកណាគេជួយឡើយ ទើបរូបគេរត់ដេញតាមពីក្រោយជនសង្ស័យដែលយកម៉ូតូជិះគេចខ្លួននោះ រហូតមកដល់ខាងក្រៅ ជនសង្ស័យក៏បន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលទៅ ។ ចំណែកឯកាបូបស្ពាយដែលជនសង្ស័យយកទៅនោះ មានលុយ៥០ដុល្លារ និងទូរស័ព្ទមួយគ្រឿង ម៉ាក Oppo ។
ក្រោយមក សមត្ថកិច្ចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីកំណត់មុខសញ្ញានិងតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោស នៅពេលក្រោយ៕

ដោយ៖ បងម៉េង ខ្មែរណូត