iPhone 12 នឹងត្រូវពន្យាពេលចេញលក់រហូតដល់ខែតុលា ព្រោះតែវិបត្តិកូវីដ ១៩
- BY
- autoadmin
- August 5, 2020
ក្រុមហ៊ុន Apple បានប្រកាសជាសាធារណៈថា ការបញ្ចេញលក់ទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួនគឺទូរស័ព្ទ iPhone 12 នឹងត្រូវពន្យាពេលព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ បានកាត់ផ្ដាច់សង្វាក់ផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុន។ កន្លងមកក្រុមហ៊ុនដ៏ធំរបស់អាមេរិកមួយនេះធ្លាប់បានជូនដំណឹងថា iPhone 12 អាចនឹងត្រូវបង្ហាញវត្តមានក្នុងទីផ្សារនៅក្នុងអំឡុងខែកញ្ញានេះ យ៉ាងណាក្តីវិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យក្រុមហ៊ុនត្រូវបង្ខំចិត្តពន្យាលពេលនៃការចេញលក់រហូតដល់ខែតុលាវិញ។

សូមបញ្ជាក់ថា តាមប្រភពព័ត៌មានដែលគេធ្លាប់ទទួលបានកន្លងមកបានឲ្យដឹងថា iPhone 12 ត្រូវបានរចនាឡើងដោយមានជាច្រើនដូចជា iPhone 12, iPhone 12 Pro, iPhone 12 Max និង iPhone 12 Pro Max មានទំំហំអេក្រង់ចាប់ពី ៥,៤ អ៊ីញ ៦,១ អ៊ីញ និង ៦,៧ អ៊ីញ។ ចំពោះតម្លៃរបស់វាវិញត្រូវបានគេរំពឹងថាតិចបំផុតក៏មានតម្លៃចាប់ពី ៧៤៩ ដុល្លារអាមេរិកឡើងទៅដែរ។ អ្វីដែលជាការកត់សម្គាល់មួយទៀតនោះគឺ iPhone 12 និងគ្រឿងបន្ថែមរបស់វាដូចជា កាស ដុំសាកថ្ម ខ្សែសាកថ្ម នឹងត្រូវបានគេដាក់លក់ជាកញ្ចប់ផ្សេងៗគ្នាដើម្បីកាត់បន្ថយការចំណាយរបស់អតិថិជនចាស់តាមរយៈពួកគេអាចបន្តប្រើប្រាស់គឿងបន្ថែមចាស់ដែលពួកគេមានស្រាប់បាននៅពេលដែលពួកគេចង់ដូរសេរីទូរស័ព្ទថ្មី៕

អត្ថបទ៖ភក្តី
ប្រភព៖ Daily Mail
- Share This Post:






