បំបែកសំណុំរឿងឃាតកម្មសម្លាប់បុរស២នាក់ ជនដៃដល់សារភាពថា ជនរងគ្រោះទាំងពីរនាក់ ដែលខ្លួនសម្លាក់ មានម្នាក់ជាសាហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន ទើបកើតចិត្តខឹងចាក់ និងអារកសម្លាប់តែម្តង
ខេត្តរតនៈគិរី ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំសហការបំបែកសំណុំរឿងឃាតកម្មសម្លាប់បុរសពីរនាក់ នៅស្រុកកូនមុំ ខេត្តរតនគិរី បានដោយជោគជ័យ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ ដោយជនដៃដល់ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួន នៅស្រុកឆ្លូង ខេត្តក្រចេះ ក្រោយធ្វើសកម្មភាពកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។
ក្រោយទទួលបានបទបញ្ជានេះ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ កម្លាំងនគរបាលខេត្តរតនគិរី, ត្បូងឃ្មុំ និងកម្លាំងនគរបាលខេត្ដក្រចេះ តាំងពីថ្ងៃកើតហេតុ រហូតចាប់ខ្លួនបានជនដៃដល់នៅចំណុចជាំភឹង ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ជនដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សេត លី បានសារភាពថា ជនរងគ្រោះទាំងពីរនាក់ (បងថ្លៃ ប្អូនថ្លៃ) ដែលខ្លួនចាក់សម្លាក់ មានម្នាក់ជាសាហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន ហើយនៅថ្ងៃកើតហេតុ ខ្លួនបានឃើញប្រពន្ធ និងជនរងគ្រោះកំពុងដេកជាមួយគ្នា។ ជនរងគ្រោះទី១៖ឈ្មោះ បាក់ ណាន (សាហាយជាមួយប្រពន្ធជនដៃដល់) និងទី២៖ឈ្មោះ គឹម សារឿន (បងថ្លៃ ឈ្មោះ បាក់ ណាន)។
បើតាមចម្លើយសារភាព ដោយចិត្តខឹងទ្រាំមិនបានប្រហែលម៉ោង៨យប់ ថ្ងៃកើតហេតុពេលជនរងគ្រោះ និងបងថ្លៃ កំពុងដើរឆ្លុះកង្កែប ខ្លួនបានជិះម៉ូតូទៅកាក់ពីមុខដើម្បីសួរនាំ ហើយក៏ដកកាំបិតចាក់ចំបំពង់កតែម្ដង។ ពេលនោះ បងថ្លៃរបស់ជនរងគ្រោះឃើញក៏រត់គេច ប៉ុន្ដែខ្លួនក៏ស្ទុះទៅចាក់ និងអារកបន្ថែមទៀត រហូតស្លាប់ទាំងពីរនាក់នៅក្នុងថ្លុកឈាម។ ក្រោយធ្វើសកម្មភាព ខ្លួនបានរត់ទៅស្រុកកំណើត នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សូមជម្រាបថា នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានករណីឃាតកម្មកើតឡើង ស្ថិតនៅក្នុងក្រុមហ៊ុនហង័អាន់យ៉ាឡាយចំការចេក ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ រហូតដល់ថ្ងៃទី២៤ ខែកក្កដាទើបមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចថា មានមនុស្សដេកសម្លាប់នៅក្នុងចំការចេក ហើយកម្លាំងជំនាញបើកការស្រាវជ្រាវតែម្ដង។
សភាពរឿងហេតុ កាលពីថ្ងៃទី២៣មានឈ្មោះគឹម សារឿន(ហៅតុង) នឹងឈ្មោះ បាក់ ណាន បាននាំគ្នាសីុផឹករហូតដល់ម៉ោង២២ រួចក៏បបួលគ្នាទៅឆ្លុះកង្កែប ហើយក៏បាត់អ្នកទាំងពីររហូតមិនឃើញត្រឡប់មកផ្ទះ លុះដល់ថ្ងៃទី២៤វេលាម៉ោង១៥រសៀល ទើបទទួលពត៌មានពីកម្មករចំការចេក ប្រាប់ថាមានមនុស្សដេកស្លាប់ក្នុងចំការចេក បន្ទាប់ពីទទួលបានដំណឹងនេះរួចកំលាំងនគរបាលស្រុកនិងកម្លាំងជំនាញនគរបាលខេត្ត បានចុះដល់កន្លែងកើតហេតុភ្លាមៗ យើងឃើញមានមនុស្សដេកស្លាប់ផ្កាប់មុខនៅក្នុងថ្លុកឈាមក្នុងចន្លោះគុម្ពចេក ។
យោងតាមការពិនិត្យកន្លែងកើតហេតុ យើងបានរកឃើញស្បែកជើង ២គូរ បន្សល់នៅក្នុងចន្លោះរងចេកឃ្លាតឆ្ងាយពីគ្នា ហាក់ដូចជាដេញប្រតប់ប្រតាយគ្នា បន្ទាប់មករកឃើញកូនកាំបិតដងឈើថ្មីមួយ កប់ដីត្រង់ជ្រលងទឹកហូរ សង្សយ័ជាវត្ថុតាងបង្កហេតុ ។
យោងតាមការពិនិត្យសាកសពជនរងគ្រោះឈ្មោះ គឹម សារឿន (ហៅតុង) ភេទប្រុស អាយុ២៦ឆ្នាំ ខ្មែរមុខរបរកម្មករចំការចេក ស្នាក់នៅការដ្ឋាន២ ចំការចេក។ សភាពសពរឹង មានក្លិនស្អុយតិចៗ ស្លៀកខោកាប៊យជើងវែងពណ៌ខ្មៅ មានខ្សែក្រវ៉ាត់ ខោខ្លីក្នុងពណ៌លឿង ពាក់អាវ២ជាន់ អាវក្រៅប្រភេទ(កីឡា) ពណ៌ខ្មៅដៃវែង មានឆ្នូតស កដៃពណ៌លឿង អាវយឺតក្នុងពណ៌ស កខ្លី ។ បន្ទាប់ពីដោះសម្លៀកបំពាក់ចេញ យើងឃើញ នៅត្រង់ពោះខាងឆ្វេងមានស្នាមចាក់មួយកន្លែង ចេញដុំខ្លាញ់ទំហំ៣ស.ម នៅត្រង់បំពង់ខ្យល់មានស្នាមចាក់២កន្លែង មានទំហំ៣និង៤ស.មនៅត្រង់ជុំវិញកមានស្នាមអារដាច់សាច់ដល់ឆ្អឹង នៅសល់សាច់ទំហំ៩ស.មប៉ុណ្ណោះ ក្រៅពីនេះពុំមានស្លាកស្នាមទៀតឡើយ។
វត្ថុតាងចាប់យករួមមាន កូនកាំបិតដងឈើ ចំនួន០១ ស្បែកជើងផ្ទាត់ ពណ៌ខៀវមួយគូរ ជារបស់ជនរងគ្រោះ ។ ស្បែកជើងស៊កជរ័ ពណ៌ខ្មៅឆ្នូតសមួយគូរ ជារបស់ជនសង្ស័យ ក្រៅពីនេះពុំមានវត្ថុតាងណាគួរឲ្យកដសំគាល់ឡើយ។
បន្ទាប់ពីកិច្ចប្រតិបត្តិការណ៍រួច យើងធ្វើបានលិខិតប្រគល់សាកសពជូនក្រុមគ្រួសារ សាច់ញាតិ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី។ រីឯជនសង្សយ័ បានរត់គេចខ្លួនបាត់ កម្លាំងជំនាញកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនមុខសញ្ញាដៃដល់ហើយ ។
បច្ចុប្បន្នជនដៃដល់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីប្រគល់បន្ដឲ្យស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ