អាជ្ញាធរខណ្ឌទួលគោក សម្រេចចុះបិទខារ៉ាអូខេ៣កន្លែង ដែលមិនអនុវត្តតាមគោលការរបស់រដ្ឋាភិបាល
ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានចុះប្រតិបត្តិការសម្រេចបិទអាជីវកម្ម ទីតាំងខារ៉ាអូខេ ចំនួន៣ទីតាំង ដែល យីហោ W យីហោ សំរឹទ្ធិពេជ្រ និងយីហោ X (អតីត ឌឹកព្រីវេ) ជាបណ្ដោះអាសន្នសិនដោយមូលហេតុ ម្ចាស់ទីតាំងមិនបានអនុវត្តតាមទៅតាមការស្នើរសុំរបស់ខ្លួនដែលកែប្រែជាភោជ្ជនីយដ្ឋាន ដោយលួចបើកអាជីវកម្មខារ៉ាអូខេ ជាធម្មតា។

ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយមានការបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំមន្រ្តីអាជ្ញាធរចុះមកបិទទីតាំងខារ៉ាអូខេទាំង៣ទីតាំងនេះ ដែលធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ រួមមានទីតាំង ទី១ នៅវេលាម៉ោង៤រសៀល នៅចំណុចខារ៉ាអូខេ យីហោ W ផ្ទះលេខ៥០៤ ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទីតាំងទី២ នៅវេលាម៉ោង៦ល្ងាច នៅចំណុចខារ៉ាអូខេ យីហោ X (អតីត ឌឹកព្រីវេ) ផ្លូវលេខ២០៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និងទីតាំងទី៣ នៅវេលាម៉ោង៧ល្ងាច នៅចំណុចខារ៉ាអូខេ យីហោ សំរឹទ្ធិពេជ្រ ផ្ទះលេខ៧២-៧៤ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្រ្តីជំនាញ បានប្រាប់ឲ្យដឹងថា នៅមុនពេលឈានដល់ចុះប្រតិបត្តិការបិទទីតាំងខារ៉ាអូខេ ទាំង៣ទីតាំងនេះកម្លាំងគណៈបញ្ជាការឯកភាព ធ្វើការស៊ើបអង្កេត ដាក់កម្លាំងតាមដាន ដោយ ម្ចាស់ទីតាំងមួយចំនួនបានកែប្រែទីតាំងពីខារ៉ាអូខេ មកជាភោជ្ជនីយដ្ឋានស្របច្បាប់ត្រឹមត្រូវពីសាលារាជធានីភ្នំពេញ តែផ្ទុយទៅវិញម្ចាស់ទីតាំងពុំបានប្រកបអាជីវកម្មបែបភោជ្ជនីយដ្ឋាន តាមការស្នើរសុំឡើយ បែរជាលួចលាក់បើកប្រកបអាជីវកម្មខារ៉ាអូខេ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពបានចុះសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្នសិន បើម្ចាស់ទីតាំងមិនកែប្រែតាមការស្នើសុំនោះទេ នឹងបិទអាជីកម្មទាំងស្រុងនិងចាត់ការតាមនីតិវិធីច្បាប់។
ជាចុងក្រោយអាជ្ញាធរក៏បានណែនាំពន្យល់អោយម្ចាស់ទីតាំគាត់សុំច្បាប់ពីសាលារាជធានីភ្នំពេញដើម្បីអោយគាត់មានការកែប្រែអាជីវកម្មKTV ខារ៉ាអូខេទៅជាភោជនីយដ្ឋានវិញហើយដើម្បីរក្សាអនាម័យ គោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់និងបង្ការជំងឺកូវីដ19៕

ដោយ៖ បងម៉េង ខ្មែរណូត