ឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ច្រើនពេក ឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះសារមួយឃ្លាចាក់ដោតខ្លាំង
- August 4, 2020
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាមានសេដ្ឋីវ័យក្មេងជាច្រើនដែលជោគជ័យនឹងការរកស៊ីវិនិយោគរបស់ខ្លួន បាននាំគ្នាបង្ហោះប្រជែងគ្នារឿងទិញឡាន ផ្ទះវីឡាធំៗ លុយកាក់ មាសពេជ្រ ទ្រព្យសម្បត្តិ ដើម្បីបង្អួតគ្នាពេញបណ្តាញសង្គម Facebook រហូតធ្វើអោយឯកឧត្តម បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាសេដ្ឋីកសិកម្មនៅកម្ពុជា បានបង្ហោះសារចាក់ដោតមួយឃ្លា ស្របពេលដែលប្រទេសយើងក៏ជួបនឹងវិបត្តិដោយសារជំងឺ កូវីដ-១៩ផងដែរ។ លោកឧកញ៉ា បានរៀបរាប់ថា៖

“នៅក្នុងគ្រាដ៏សែនមហាវិនាសកម្មដោយសារតែជំងឺឆ្លងកូរ៉ូណា កូវីដ-១៩ដ៏មហាប្រលៃ នៅលើភពផែនដីយើងនេះក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ដូច្នេះហើយខ្ញុំសូមអភ័យទោសមុននិងនិយាយ ក្រែងលោមានអារម្មណ៍មិនល្អដល់ប្រិយមិត្តនៅក្នុងបណ្តាញសង្គមfbនេះ។ ខ្ញុំសុំចិត្តសុំថ្លើមអ្នកដែលចូលចិត្តឈ្លោះប្រកែកគ្នា និយាយរឿងមិនល្អ បង្ហោះបង្អួតទ្រព្យសម្បត្តិ ឡានវីឡា លុយកាក់ មាសពេជ្រ និងរឿងដែលមិនសមរម្យមួយចំនួនទៀតបង្ហោះតាមបណ្តាញសង្គមfbសូមមេត្តាឈប់បង្ហោះទៀតទៅ ព្រោះអីយើងត្រូវដឹងថាមិនមែនមើលឃើញតែនៅក្នុងប្រទេសយើងទេគឺគេមើលឃើញទូទាំងពិភពលោក មានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយរក្សាវាទុកទៅចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ មិនចាំបាច់បង្អួតប្រាប់គេឯងទេបើខ្លួនពិតជាស្រឡាញ់ដល់ប្រជាជនក្រីក្រមែន គួរណាតែយកទ្រព្យសម្បត្តិដែលមាននេះយកទៅវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្មតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងដើម្បីបង្កើតការងារអោយដល់ប្រជាពលរដ្ឋក្រីក្រធ្វើ និងបានចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាយើងព្រមទាំងមិនបានរំខានដល់សន្តិសុខសុវត្ថិភាពសង្គមផងដែរ ។”



- Share This Post:






