វៀតណាមកត់ត្រាការស្លាប់ថ្មីចំនួន ២នាក់ បន្ថែមទៀត ដែលនាំឱ្យករណីស្លាប់សរុបកើនដល់ ៨នាក់ គិតចាប់តាំងពីថ្ងៃសុក្រ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress សម្រាប់ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា វៀតណាមបានកត់ត្រាការស្លាប់ថ្មីចំនួន ២នាក់ បន្ថែមទៀត ដែលនាំឱ្យករណីស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម បានកើនដល់ ៨នាក់ គិតចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក។ អ្នកជំងឺដែលបានស្លាប់ជាស្ត្រី អាយុ ៦២ឆ្នាំ និងម្នាក់ទៀតជាបុរសអាយុ ៦៥ឆ្នាំ ដែលសុទ្ធតែជាអ្នករស់នៅក្រុងដាណាង និងផ្សារភ្ជាប់ជាមួយមន្ទីរពេទ្យក្រុងដាណាង។

ក្រសួងសុខាភិបាលរៀតណាមនិយាយថា ស្រ្តីដែលបានស្លាប់មានជំងឺតំរងនោមដំណាក់កាលចុងក្រោយ ហើយគាត់មានជំងឺតំរងនោមនេះជាង ១០ឆ្នាំមកហើយ ខណៈខូចសរីរាង្គមួយចំនួន និង Septic Shock (ជាស្ថានភាពម្យ៉ាងអាចឱ្យអ្នកជំងឺគាំងស្លាប់ភ្លាមៗព្រោះតែមេរោគក្នុងឈាម)។ ចំណែកឯអ្នកស្លាប់ម្នាក់ទៀត ជាបុរសមានជំងឺតំរងនោមដំណាក់កាលចុងក្រោយដូចគ្នា ហើយមានឈាមពុល (sepsis) និងខ្សោយបេះដូង ដោយធ្លាប់បានសម្រាកនៅមន្ទីរពេទ្យដាណាងរយៈពេល ៥ខែ និងបានត្រឡប់ទៅផ្ទះវិញបានប៉ុន្មានថ្ងៃ ប៉ុន្តែស្រាប់តែបានឆ្លងជំងឺ COVID-19 តែម្ដង៕



អត្ថបទ៖ លីដា
ប្រភព៖ VNexpress