អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុប្រើប្រាស់អូប៊រ័ល្បឿនលឿនជាច្រើនគ្រឿង ទៅរំដោះអ្នកទេសចរណ៍ជាង៥០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង ឲ្យត្រឡប់មកដីគោកវិញ
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃ០៤ ខែសីហា ឆ្នាំ២០២០ នេះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បានប្រើប្រាស់អូប៊រ័ល្បឿនលឿននិងមានសុវត្ថិភាព សហការពីវិស័យឯកជន ដឹករំដោះអ្នកទេសចរណ៍ ជាង៥០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង បានត្រឡប់មកដីគោក ក្រុងព្រះសីហនុវិញ ក្រោយឃើញចន្លោះពេលធាតុអាកាសធូរស្រាលបន្តិច។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត លោកវរសេនីយ៌ឯកឌឹម សំបូរប្រធានអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងមន្ត្រីអង្គភាពពាក់ពន្ធ័បានអញ្ជើញទៅពិនិត្យនិងទទួលភ្ញៀវទេសចរណ៍ដែលត្រឡប់មកពីកោះរ៉ុង ដោយផ្ទាល់នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហនុ ក្នុងនោះក៏មានក្រុមគ្រូពេទ្យពីមន្ទីរពេទ្យបង្អែកខេត្តមកពិនិត្យសុខភាពនិងរង់ចាំជួយសង្គ្រោះផងដែរ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៌ថា អ្នកទេសចរណ៍ច្រើនរយនាក់បានធ្វើដំណើរទៅលេងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀង ខ្យល់និងរលកខ្លាំង និងក្រោយមកបានជាប់គាំងនៅលើកោះមិនអាចត្រឡប់មកវិញបាន ក្រោយតំបន់សមុទ្ររងនូវឥទ្ធិពលព្យុះទី៣ (សុីនឡាគូ) ។ ដោយពិនិត្យឃើញថា ថ្ងៃទី៤ ខែសីហានេះ ចន្លោះពេលធាតុអាកាសធូរស្រាលបន្តិចក្នុងពេលរសៀលទើប រដ្ឋបាលខេត្តចាត់វិធានការ ជួយដោះស្រាយដឹកយកបងប្អូនអ្នកទេសចរណ៍ទាំងអស់នោះ មកកាន់ដីគោកក្នុងក្រុងព្រះសីហនុវិញ និងថាដំណើរការនេះប្រកបដោយសុវត្ថិភាព ៕




