ទៀតហើយ! វៀតណាមរកឃើញករណីកូវីដ១៩ចំនួន ៤១នាក់ បន្ថែមទៀត ហើយមាន ៤០ករណី ទាក់ទងនឹងការផ្ទុះឡើងនៅក្រុងដាណាង
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅល្ងាចថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា វៀតណាមបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤១ករណី បន្ថែមទៀត ដោយក្នុងនោះមាន ១ ជាករណីនាំចូល ហើយក្រៅពីនោះសុទ្ធតែជាករណីក្នុងសហគមន៍ ដែលទាក់ទងនឹងការផ្ទុះឡើងនៅក្រុងដាណាងទាំងអស់។ តួលេខថ្មីចុងក្រោយទាំងល្ងាចនេះ នាំឱ្យករណីជំងឺ COVID-19 នៅវៀតណាមបានកើនដល់ ៧១៣នាក់ ខណៈមានការស្លាប់សរុប ៨នាក់ ផងដែរ។

វៀតណាមធ្លាប់ជាប្រទេសគ្មានករណីក្នុងសហគមន៍រយៈពេលប្រហែល ១០០ថ្ងៃ មកហើយ ប៉ុន្តែស្ថានការណ៍បានប្រែប្រួលនារយៈពេលជាង ១០ថ្ងៃ កន្លងមកនេះ ពោលគឺចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា តរៀងមក។ ប្រទេសនេះក៏បានសារភាពដែរថា ពួកគេមិនដឹងថាករណីឆ្លងក្នុងសហគមន៍នេះកើតឡើងដោយរបៀបណានោះទេ ហើយឥឡូវមានមនុស្សជាង ២០០នាក់ បានឆ្លងចាប់តាំងពីពេលនោះមក។ ម្សិលមិញនេះក្រសួងសុខាភិបាល និងអ្នកជំនាញដែលពាក់ព័ន្ធក៏បានរកឃើញថា ជំងឺ COVID-19 ដែលបានផ្ទុះឡើងនៅវៀតណាមនេះមានការឆ្លងខ្លាំងជាងពីមុន ដែលវាកាន់តែដាក់សម្ពាធឱ្យប្រទេសនេះកាន់តែខ្លាំងថែមទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider