កូវីដ-១៩

លោកពូទីន ប្រធានាធិបតីរុស្ស៊ី ប្រកាសពីការសម្រេចបានវ៉ាក់សាំងជំងឺកូវីដ១៩ ជាផ្លូវការ ហើយកូនស្រីរបស់លោក ក៏បានចាក់វ៉ាក់សាំងនេះរួចហើយដែរ

BY
autoadmin
August 11, 2020

ប្រធានាធិបតីរុស្ស៉ីលោក Vladimir Putin នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ បានប្រកាសថា ប្រទេសរបស់លោកបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានចុះបញ្ជីចេញប្រើវ៉ាក់សាំជំងឺ COVID-19។ លោក Vladimir Putin បាននិយាយនៅក្នុងសន្និសីទវីដេអូតាមទូរទស្សន៍ជាមួយរដ្ឋមន្រ្តីរដ្ឋាភិបាលថា៖«ព្រឹកនេះ ជាលើកដំបូងនៅលើពិភពលោក ដែលវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាត្រូវបានចុះបញ្ជី»។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺលោកប្រធានាធិបតីបាននិយាយថា កូនស្រីរបស់គាត់ក៏បានចាក់វ៉ាក់សាំងនេះរួចហើយ  និងបានឡើងកម្ដៅបន្តិចបន្តួចបន្ទាប់ពីបានចាក់វ៉ាក់សាំង នេះបើយោងតាមសារព័ត៌មាន RT

លោកបានបន្ថែមថា កូនស្រីរបស់លោកបានឡើងកម្ដៅបន្តិច ប៉ុន្តែក៏បានបាត់ទៅវិញលឿនដែរ។ យ៉ាងណាក៏ដោយវាមិនច្បាស់ទេថា តើកូនស្រីរបស់គាត់រូបណាជាអ្នកទទួលបានវ៉ាក់សាំងនេះ។ គួរឱ្យដឹងដែរថា វ៉ាក់សាំងនេះត្រូវបានបង្កើតរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya និងក្រសួងការពារជាតិរុស្ស៊ី ដែលសង្ឃឹមថានឹងត្រូវបានផលិតក្នុងរយៈពេលដ៏ខ្លី។ លោក Vladimir Putin ក៏បានបង្ហាញជំនឿចិត្តថា៖«ខ្ញុំដឹងថាវាមានប្រសិទ្ធភាពណាស់ វាបង្កើតឱ្យមានភាពស៊ាំរឹងមាំ ហើយខ្ញុំសុំនិយាយម្តងទៀតថា វាបានឆ្លងកាត់ការត្រួតពិនិត្យចាំបាច់គ្រប់ទាំងអស់ហើយ»។

នៅពេលជំងឺ COVID-19 កំពុងបន្តរាលដាលពាសពេញពិភពលោក មនុស្សជាច្រើនកំពុងសង្ឃឹមថានឹងទទួលវ៉ាក់សាំង ដើម្បីអាចមានភាពស៊ាំនឹងជំងឺដ៏សាហាវនេះ។ ប៉ុន្តែការអភិវឌ្ឍវ៉ាក់សាំងអាចពិបាក ហើយត្រូវការដំណើរការយូរដើម្បីធានាសុវត្ថិភាព ដោយដំណើរការធម្មតានៃការធ្វើតេស្តវ៉ាក់សាំងគឺមាន ៤ ដំណាក់កាល។ រដ្ឋាភិបាលភាគច្រើនត្រូវការផលិតផលមួយដែលមានការឆ្លងកាត់ការធ្វើតេស្ត ៣ ដំណាក់កាល មុនពេលវាអាចលក់ចេញទៅលើទីផ្សារ។

ក្នុងចំណោមវ៉ាក់សាំងសក្តានុពលប្រមាណ ១៦០ ដែលកំពុងត្រូវបានបង្កើតឡើងនៅជុំវិញពិភពលោក មានតែវ៉ាក់សាំងចំនួន ៦ ប្រភេទប៉ុណ្ណោះ ដែលកំពុងឆ្លងកាត់ដំណាក់កាលទី៣។ ចំណែកពាក់កណ្តាលនៃផលិតផលទាំង ៦ គឺមកពីប្រទេសចិន ហើយរោងចក្ររបស់ចិនក៏ត្រៀមខ្លួនសម្រាប់ផលិតកម្មទ្រង់ទ្រាយធំ។ គិតមកទល់ពេលនេះរុស្ស៊ីមានករណីជំងឺ COVID-19 ដែលបានបញ្ជាក់សរុប ៩០០,០០០ នាក់ ខណៈមានករណីដល់ទៅ ២០ លាននាក់ នៅទូទាំងពិភពលោក។ ប្រទេសនេះបាននិយាយថា ខ្លួនបានព្យាបាលអ្នកជំងឺបាន ៧០០,០០០ នាក់ ប៉ុន្តែករណីថ្មីជិត ៥,០០០ ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងកន្លងមក៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: