សាំងហ្គាពួររកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦១នាក់ ដែលជាចំនួនតិចបំផុតចាប់តាំងពីខែមេសា
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១១ ខែសីហា បានឱ្យដឹងថា សាំងហ្គាពួរបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៦១ ករណី ដោយមានករណីក្នុងសហគមន៍ចំនួន ២ និងករណីនាំចូលចំនួន ៣ ដែលជាការកើនឡើងតិចជាងគេបំផុតក្នុងរយៈពេល៤ខែ មកនេះ។ វាជាការថយចុះជាងគេបំផុតចាប់តាំងពីថ្ងៃទី២ ខែមេសា ដែលករណីតិចបំផុតរបស់ប្រទេសនេះចុងក្រោយនៅពេលនោះគឺ ៤៩ ករណី ។

តួលេខនេះបាននាំឱ្យសាំងហ្គាពួរមានករណីជំងឺ COVID-19 សរុបចំនួន ៥៥,៣៥៣ ករណី និងការស្លាប់មានសរុប ២៧នាក់។ សរុបមកវិញគឺចំនួនករណីក្នុងសហគមន៍ជាមធ្យមរបស់សាំងហ្គាពួរមានតែ ២នាក់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ហើយមន្ត្រីសុខាភិបាលនឹងបន្ដការត្រួតពិនិត្យដើម្បីទប់ស្កាត់ការរាលដាលជំងឺបន្ថែមទៀត។ ឥឡូវនេះសាំងហ្គាពួរមានអ្នកជំងឺតែ ១០៤នាក់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ និងអ្នកជំងឺ ៥,០៩៤នាក់ កំពុងព្យាបាលនៅតាមមូលដ្ឋាន៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia