ផ្កាយ១ ដែលមានជម្លោះនៅហាងផឹកស៊ីកាលពីយប់មិញ ត្រូវបាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ធ្វើការអនុវត្តវិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឆ្គាំឆ្គងបែបនេះទៀតនៅទីសាធារណៈ
យោងតាមសេចក្តីបំភ្លឺរបស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅចំណុចអាហារដ្ឋានយីហោ វិមានព្រិល មានករណីហិង្សាកើតឡើងបង្កដោយលោក ឧត្តមសេនីយ៍ត្រី ជិន សាមីឌី ឋានៈ អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ហើយលោកត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន និងធ្វើកំណត់ហេតុប្រគល់ជូននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯក ដើម្បីចាត់ការបន្ត។

ទាក់ទងករណីនេះ លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនបានបញ្ជាឲ្យក្រុមប្រឹក្សាវិន័យរបស់នាយកដ្ឋានធ្វើការសួរនាំ លោក ឧត្តមសេនីយ៍ត្រី ជិន សាមីឌី។
នៅចំពោះមុខក្រុមប្រឹក្សា លោក ឧត្តមសេនីយ៍ត្រី ជិន សាមីឌី បានសារភាពទទួលស្គាល់កំហុសពិតជាបានឈ្លោះប្រកែកគ្នាដោយប្រើពាក្យសម្តីជាមួយមិត្តភក្តិអំឡុងពេលហូបចុកនោះពិតប្រាកដមែន ប៉ុន្តែពុំបានប្រើអាវុធ បាញ់គំរាម ឬបង្ករបួសស្នាមដល់ម្ចាស់ហាង វិមានព្រិល នោះទេ រីឯរឿងហេតុនេះ ភាគីពាក់ព័ន្ធបានព្រមព្រៀងគ្នាដោយជ្រើសរើសផ្សះផ្សាបញ្ចប់រឿងនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រួចរាល់ផងដែរ។
ដោយឡែក នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានធ្វើការអប់រំ ណែនាំ លោក ឧត្តមសេនីយ៍ត្រី ជិន សាមីឌី ដោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឆ្គាំឆ្គងបែបនេះនៅទីសាធារណៈបន្តទៀត និងក៏បានធ្វើកំណត់ហេតុដកហូតអាវុធ ព្រមទាំងអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

