ត្រឹមតែ ២សប្ដាហ៍ វៀតណាមមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រហូតដល់ទៅ ១៨នាក់
វៀតណាមបានកត់ត្រាការស្លាប់ ទី១៨ ទាក់ទងនឹងជំងឺ COVID-19 នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ដែលគាត់ជាស្ត្រីអាយុ ៥២ឆ្នាំម្នាក់ រស់នៅក្រុងដាណាង និងបានស្លាប់កាលពីថ្ងៃពុធ។ ក្រសួងសុខាភិបាលបាននិយាយថា គាត់ជាអ្នកជំងឺទី៤៨៥ និងបានស្លាប់ដោយសារជំងឺរលាកសួត ដែលបណ្តាលមកពីជំងឺ COVID-19 ខណៈមានជំងឺខ្សោយតំរងនោមដំណាក់កាលចុងក្រោយ ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាប់ខ្លួនស្រាប់។

អ្នកជំងឺជាអ្នកនៅសង្កាត់ Cam Le របស់ក្រុងដាណាង ដែលឥឡូវកំពុងជាចំណុចក្ដៅថ្មីនៃការរាលដាលជំងឺ COVID-19 ។ គាត់ជាអ្នកជំងឺរបស់មន្ទីរពេទ្យដាណាង ដើម្បីព្យាបាលតំរងនោមរបស់គាត់ ចាប់តាំងពីថ្ងៃទី ១៥ ដល់ ៣១ ខែកក្កដា។ លុះដល់ថ្ងៃទី៣១ គាត់ក៏ត្រូវបានគេរកឃើញថា វិជ្ជមានជាមួយជំងឺ COVID-19 ហើយជំងឺរបស់គាត់កាន់តែចុះដុនដាបរហូតដល់ស្លាប់។ ចំណែកអ្នកដែលស្លាប់ទាំង ១៧នាក់ ពីមុនៗ គឺមានអាយុចន្លោះពី ៣៣ ដល់ ៨៦ ហើយពួកគេសុទ្ធតែមានជំងឺជាប់ខ្លួនស្រាប់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress