នូវែលសេឡង់ពង្រីកការចាក់សោរទីក្រុង Auckland រហូតដល់ ១២ថ្ងៃ បន្ទាប់ពីមានការផ្ទុះឡើងករណីក្នុងស្រុកចំនួន ៣០ករណី គិតចាប់ពីថ្ងៃអង្គារ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ប្រទេសនូវែលសេឡង់នៅថ្ងៃសុក្រ ទី១៤ ខែសីហា បានពង្រីករយៈពេលនៃការបិទទ្វារទីក្រុងធំបំផុតរបស់ខ្លួន គឺទីក្រុង Auckland យ៉ាងហោចណាស់ ១២ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីអ្នកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern និងគណៈរដ្ឋមន្រ្តី បានប្រជុំគ្នាពីបញ្ហាផ្ទុះឡើងនូវករណីក្នុងសហគមន៍នាពេលថ្មីៗនេះ។

រំលឹកដែរថា នូវែលសេឡង់មិនមានករណីក្នុងសហគមន៍រយៈពេល ១០២ថ្ងៃ មកហើយ ប៉ុន្តែកាលពីថ្ងៃអង្គារកន្លងទៅមានលេចឡើងនូវករណីក្នុងស្រុកចំនួន ៤ ដែលត្រូវបានកត់ត្រាជាលើកដំបូង។ ចាប់តាំងពីថ្ងៃអង្គារដល់ពេលនេះ នូវែលសេឡង់រកឃើញករណីថ្មីរហូតដល់ ៣០ករណី ហើយភាគច្រើននៃករណីថ្មីៗត្រូវបានរកឃើញនៅ Auckland ទីក្រុងដែលមានប្រជាជនសរុបជាង ១.៥លាននាក់។ អ្នកស្រី Jacinda Ardern បាននិយាយថា ការផ្ទុះឡើងនាពេលថ្មីៗនេះ មិនជាប់ទាក់ទងនឹងអ្នកទើបត្រឡប់ពីបរទេស ឬក៏ពីរលកទី១ នោះទេ។ យ៉ាងណាគាត់បាននិយាយថា ការផ្ទុះឡើងនេះត្រូវបានរកឃើញលឿន ដូច្នេះស្ថានភាពអាចនឹងដូចដើមវិញឆាប់ៗ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia