ករណីក្រុមជនសង្ស័យចាប់នារីម្នាក់ដាក់ឡាន ស្នងការខេត្តព្រះសីហនុបញ្ជាក់ថា រំដោះជនរងគ្រោះបានហើយ តែជនសង្ស័យបានរត់គេចខ្លួន
ខេត្តព្រះសីហនុ- យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក Huy Bunleng News បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ថា កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មានករណីចាប់មនុស្សបញ្ជូលក្នុងរថយន្តនៅចំណុចហាង លក់សម្លៀកបំពាក់ កូកូ កែងមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ខេត្ត-ក្រុងព្រះសីហនុ ។ ជនសង្ស័យមានគ្នាចំនួន០៣នាក់ ដែលមានភិនភាគដូចខាងក្រោម÷

1-មនុស្សប្រុសពាក់អាវយឺតដៃខ្លី ពណ៌ខៀវចាស់ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ ។
2-មនុស្សប្រុសពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ ។
3-តៃកុងឡានមិនចុះពីលើឡាន
-រថយន្តធ្វើសកម្មភាពម៉ាក ហាយឡេនឌរ័ (HIGHLANDER) ពណ៌ទឹកមាស មិនចាំស្លាកលេខ ។
-បានធ្វើសកម្មភាពចាប់មនុស្សស្រីម្នាក់ពាក់រូបពណ៌ខ្មៅ ដាក់ចូលទៅក្នុងរថយន្តរួចធ្វើដំណើរធ្ពោះទៅផ្លូវជាតិលេខ៤ ។
ភ្លាមៗនោះដែរ ក្រោមការចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងបានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក លី សុខហុី នាយការិយល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះស្រាវជ្រាវជាបន្ទាន់ រហូតដល់វេលាម៉ោង ៦ព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុច ព្រែកត្រែង ស្រុកស្ទឹងហាវ ក្រុមសមត្ថកិច្ចជំនាញបានរំដោះជនរងគ្រោះបានសម្រេច ។ ដោយឡែកជនសង្ស័យកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យ ៕

ប្រភព៖ លោក Huy Bunleng