កសិករអាយុ ៦៣ឆ្នាំប្រើដី៦អា ដាំស្ពៃក្រញ៉ាញ់ ចំណាយអស់ជាង ៣៨ម៉ឺនរៀល ដាំរយៈពេលជិត ១ ខែកន្លះ ប្រមូលផលវិញលក់បាន ជាង ៣លានរៀល
បទពិសោធន៍ដ៏ជោគជ័យរបស់ កសិករ តាន់ សេងលី អាយុ៦៣ឆ្នាំ រស់នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ តាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា៖ កសិករ តាន់ សេងលី បានដាំស្ពៃក្រញ៉ាញ់ លើផ្ទៃដី ៦អា ដោយត្រូវចំណាយផលិតកម្ម ដូចជា ការរៀបចំដី; គ្រាប់ពូជ; ជីទ្រាប់បាត; ទុយោទឹកស្រោចស្រព; ការវេចខ្ចប់ និងការចំណាយផ្សេងៗ អស់ថវិកាសរុបចំនួន ៣៨៥ ០០០រៀល ក្នុងការដាំដំណាំមួយវគ្គៗ។

លោកបានបន្ថែមថា៖ ដំណាំស្ពៃក្រញ៉ាញ់ ដាំរយៈពេលតែ ៣៥ ទៅ៤០ថ្ងៃ ប៉ុណ្ណោះអាចទទួលបានផលបណ្តើរៗ និង ទទួលបានទិន្នផលសរុប ១ ៤៤០ គ.ក្រ លក់ក្នុងតម្លៃ ២ ៥០០រៀល/គ.ក្រ ជាលក្ខណៈបោះដុំ ប្រសិនបើតម្លៃនៅទីផ្សារតម្លៃ ៣ ០០០រៀល/គ.ក្រ។ ចំណែកផលចំណេញបានចំនួន ៣ ២១៥ ០០០រៀល ក្នុងពេលដំាមួយវគ្គ ។ ក្រៅពីនេះ គាត់មានដាំដំណាំបន្ថែមនិងកំពុងនៅដំណាក់កាលថែទាំមិនទាន់បានប្រមូលផល ដូចជា ខាត់ណា ដើម ចំនួនផ្ទៃដី ៤អា ដំណាំត្រឡាចចំនួនផ្ទៃដី ៣អា,ដំណាំ សាលាដ ចំនួនផ្ទៃដី ៣អា និងត្រកួន ផ្ទៃដី២អាផងដែរ។
តាមការសាកសួររបស់ក្រុមមន្រ្តីបានលើកថា កសិករនិងខិតខំ ពង្រីកការដំាបន្លែបន្ថែម ព្រោះការដាំ បន្លែអាចជួយរកចំណូលចូលគ្រួសារបានច្រើន ដើម្បីដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃសម្រាប់ជីវិតជាកសិករប្រកបរបរកសិកម្ម ប្រសើរជាជាង ធ្វើចំណាកស្រុក ដែលនាំអោយ មានផលលំបាកច្រើន ជួនកាលមិនសមប្រកបមិនអាចមានថវិកាត្រលប់មកផ្ទះវិញ ផង ម៉្យាងទៀតប្រទេសលើសកលលោក កំពុងជួបវិបតិ្តការរីក រាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យប្រទេសជិតខាងបិទច្រកព្រំដែន និងរក្សាភាពប្រុងប្រយ័ត្ន មិនអាចឱ្យប្រជាជនចូលទៅធ្វើការក្រៅប្រទេសបាន។ ទន្ទឹមនឹងនេះក្រុមបច្ចេកទេសបាននិងកំពុងបំផុសឱ្យកសិករជំរុញ ការដំបន្លែដែលមានរយៈពេលខ្លី បន្ថែមទៀត ដើម្បីអាចជួយបង្កើនផលិតកម្មស្បៀង និងប្រាក់ចំណូលក្នុងគ្រួសារ បានច្រើនក្នុងពេលនេះ៕ ប្រភព៖ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម



