ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តៃកុងក្មេងបើកឡានខំតាំងស្មារតីកុំអោយងងុយដេក ស្រាប់តែងោកមួយភាំងរេចង្កូតទៅបុកសួនច្បារពុះចែកផ្លូវ បុកដើមឈើ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដី

    BY Khmernote Media August 18, 2020
    តៃកុងក្មេងបើកឡានខំតាំងស្មារតីកុំអោយងងុយដេក ស្រាប់តែងោកមួយភាំងរេចង្កូតទៅបុកសួនច្បារពុះចែកផ្លូវ បុកដើមឈើ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដី

    រាជធានីភ្នំពេញ ៖ តៃកុងក្មេងបើករថយន្តតាកូម៉ា អត់ងងុយ ខំទុកខ្លួនបើកបរ រហូតទាល់តែងោកមួយភាំង ក៏រេចង្កូតទៅខាងឆ្វេងដៃ ឡើងលើសួនច្បារពុះចែកផ្លូវ រួចទៅបុកដើមឈើបាក់អស់មួយដើមតូច ហើយបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដីអស់មួយដើមទៀត និងដាច់ខ្សែភ្លើងរាយប៉ាយពេញថ្នល់ រថយន្តក៏បើកលែងទៅមុខ ជាប់កល់លើសួនច្បារកណ្ដាលផ្លូវ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤:១០នាទីទៀបភ្លឺ ឈានចូលថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចខាងត្បូងវត្តស្ទឹងមានជ័យ (ប្រមាណ៥០ម៉ែត្រ) លើផ្លូវមុនីរ៉េត(២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកតូយ៉ូតា តាកូម៉ា (TOYOYA TACOMA) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល 2A-8795 បើកបរដោយយុវជនម្នាក់ រួមដំណើរជាមួយនឹងស្ត្រីម្នាក់ (មិនបានស្គាល់អត្តសញ្ញាណ)។

    បើតាមសម្ដីយុវជនដែលជាបើករថយន្តបង្កមានវ័យប្រហែល២០ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ជាអ្នកបើកបររថយន្តបង្ករខាងលើ តាមបណ្ដោយផ្លូវលេខ២១៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម ដោយងងុយដេកហើយ តែខំតាំងស្មារតីដែរ ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏ងោកមួយភាំង ធ្វើឱ្យរេចង្កូតទៅខាងឆ្វេងដៃឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុកដើមឈើបាក់អស់១ដើមធំល្មម និងបន្តទៅបុកផ្ទប់បង្គោលភ្លើងមួយដើមទៀត បាក់រាបដល់ដី និងបណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ បើកទៅមុខលែងរួច តែក្នុងហេតុការណ៍នេះ ពិតជាសំណាងហើយ ដែលមិនមានអ្នកណាម្នាក់រងរបួសនោះទេធ្ងន់ធ្ងរនោះទេ គ្រាន់តែយុវជនដែលជាអ្នកបើកបរមានការភ័យតក់ស្លុតបន្តិច ចំណែកឯស្ត្រីជាអ្នករួមដំណើរបែកមាត់ របួសស្រាលប៉ុណ្ណោះ បង្កការភ្ញាក់ផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី១, និងប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចុះមកកន្លែងកើតហេតុជួយសម្រួលចរាចរណ៍ និងឃាត់បានអ្នកបើកបរ អោយនៅកន្លែងកើតហេតុ រងចាំប្រគល់អោយជំនាញយកទៅសាកសួរបន្ត ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកសហការជាមួយជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយលើការខូចខាតទ្រព្យសម្បត្តិសារធារណៈខាងលើនោះនៅពេលក្រោយ៕

    អត្ថបទ &រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post: