ចោរលួចស្លាកលេខ ១ខែមុន ស្រាប់តែថ្ងៃនេះប្រទះឃើញនៅលើឡាន Lexus 400h,ម្ចាស់ឡាន Lexus ថាទិញពីឃ្លាំងរថយន្តមួយកន្លែង ២សប្តាហ៍ហើយ ថែមទាំងដឹងថាមិនមែនជាស្លាកលេខរបស់ឡានខ្លួនទៀត
ភ្នំពេញ៖ បុរសម្នាក់បានជិះរថយន្តស៊េរីទំនើបមួយគ្រឿង តែដាក់ស្លាកលេខរថយន្តរបស់គេ ត្រូវបានម្ចាស់គេតាមទាន់។ ប្រភពព័ត៌មានពីបុរសដែលជាម្ចាស់ស្លាកលេខដែលបានបាត់ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រហែលជា១ខែមុន (ខែកក្កដា) គាត់បានជិះរថយន្តមួយគ្រឿងម៉ាក ព្រូស ដែលពាក់ស្លាកលេខភ្នំពេញ 2AY-9021 រួចចតរថយន្តរបស់គាត់ចោលនៅទឹកដី សង្កាត់បឹងរាំង(ពេលយប់) ខណៈពេលគាត់ចេញមកយករថយន្តគាត់វិញស្រាប់តែបាត់ស្លាកលេខរថយន្តរបស់គាត់ រហូតដល់បច្ចប្បន្ន នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះទើបឃើញនៅលើរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ឡិចសុីសRX-400h មួយគ្រឿងនៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤ រួចទាក់ទងទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជួយឃាត់រថយន្តនោះដើម្បីធ្វើការដោះស្រាយ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តឡិចសុីស ដែលដាក់ស្លាកលេខគេ បានប្រាប់ឱ្យដឹងថា រូបខ្លួនបានទិញរថយន្តមួយគ្រឿងម៉ាក ឡិចសុីស ពណ៌ស ពាក់ស្លាកលេខ 2AY-9021 ចេញពីឃ្លាំងលក់រថយន្តមួយកន្លែង ជាង២សប្តាហ៍ហើយ ថែមទាំងដឹងថាស្លាកលេខនេះមិនមែនជាស្លាកលេខរថយន្តរបស់ខ្លួន រួចរូបខ្លួនបានជិះរថយន្តដែលខ្លួនទិញមក រហូតដល់បច្ចប្បន្ន។ រហូតព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះបានជិះមកចតនៅតាមបណ្តោយផ្លូវលេខ១០៧ ស្រាប់តែម្ចាស់ស្លាកលេខរថយន្តព្រូស តាមរកឃើញនៅនឹងកន្លែងកើតហេតុខាងលើ។ បច្ចុប្បន្ន ភាគីទាំងសងខាងរួមទាំងរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងរាំង យកទៅដោះស្រាយតាមនីតិវិធីច្បាប់៕ ម៉េង ខ្មែរណូត