ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តដឹកខ្សាច់បង្ហោះកង់មុខ ផ្អេីលសមត្ថកិច្ចចុះសម្រួលចរាចរណ៍ជាងកន្លះម៉ោង ដោយសារថយចាក់ខ្សាច់ គន្លឹះប៉ែនគាំងជាប់

    BY Khmernote Media August 22, 2020
    រថយន្តដឹកខ្សាច់បង្ហោះកង់មុខ ផ្អេីលសមត្ថកិច្ចចុះសម្រួលចរាចរណ៍ជាងកន្លះម៉ោង ដោយសារថយចាក់ខ្សាច់ គន្លឹះប៉ែនគាំងជាប់

    រាជធានីភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ខណៈពេលរថយន្តដឹកដីខ្សាច់មួយគ្រឿង ម៉ាក NISSAN DIESEL ចង្កូតស្ដាំ PP-0522 បើកថយចូលចាក់ខ្សាច់នៅចំណុចស្ដានីយ៍ប្រេងឥន្ទនៈសូគីម៉ិចមួយកន្លែង ក៏រអិលបាស់កង់មុខហោះឡើងលើតែម្ដង ប៉ុន្តែពិតជាសំណាងល្អ មិនបណ្តាលអោយនរណាម្នាក់រងរបួសនោះទេ គ្រាន់តែបង្កការកកស្ទះចរាចរណ៍ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ចាក់អង្រែក្រោម និងកម្លាំងនគរបាលចរាចរណ៍ខណ្ឌមានជ័យ ចុះមកពិនិត្យមើល និងជួយសម្រួលចរាចរណ៍ផងដែរ ។

    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩:០៥នាទីព្រឹក ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ នៅនៅមុខស្ថានីយប្រេងឥន្ធនៈសូគីម៉ិច (មុខផ្សារក្រមួន) ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញនៅមុខស្ថានីយប្រេងឥន្ធនៈសូគីម៉ិច (មុខផ្សារក្រមួន) ដែលជាកន្លែងកើតហេតុ មានការរៀបចំជួសជុលចិញ្ចើមផ្លូវដាក់ការ៉ូឡាថ្មី ជុំវិញស្លាកបាណូរបស់ស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិចនៅចំណុចខាងលើ ហើយក្រុមជាងជួសជុលក៏បានហៅរថយន្តដឹកខ្សាច់អោយមកចាក់ខ្សាច់បន្ថែមមួយឡាន ដើម្បីជួសជុលអោយបានស្អាតនិងខ្ពស់ជាងមុនបន្តិចតាមអ្វីដែលម្ចាស់ដេប៉ូប្រាប់អោយធ្វើ លុះពេលរថយន្តដឹកខ្សាច់ធុនមធ្យមមួយគ្រឿង ម៉ាក NISSAN DIESEL ពណ៌ក្រហម ពាក់ស្លាកលេខចង្កូតស្ដាំ PP-0522 ដែលជារបស់អ្នកលក់ខ្សាច់ឯកជនមួយកន្លែង បានដឹកខ្សាច់ពេញលើរថយន្តយកមកចាក់ ស្រាប់តែរថយន្តថយចូលចាក់ខ្សាច់បានបន្តិច សង្ស័យតែគន្លឹះប៉ែនវាគាំងជាប់ធ្វើអោយខ្សាច់នៅលើរថយន្តរអិលមកក្រោយ ធ្វើអោយរថយន្តដឹកខ្សាច់នោះ ហោះកង់មុខបាស់ឡើងទៅលើ ដោយតៃកុងរថយន្តនៅជាប់នៅក្នុងកាប៊ីន មិនមានគ្រោះថ្នាក់អ្វីនោះទេ បានស្រែកហៅក្រុមជាងអោយជួយកាយខ្សាច់ចេញអស់ជិតកន្លះរថយន្តហើយ ក៏មិនទាន់អាចទម្លាក់ចុះក្រោមបានដែរ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម និងកម្លាំងនគរបាលចរាចរណ៍អធិការដ្ឋានខណ្ឌមានជ័យ ចុះជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍អោយយានយន្តផ្សេងៗ ធ្វើដំណើរកាត់តាមស្ថានីយ៍ប្រេងឥន្ទនៈបន្ទាន់សិន ដើម្បីកុំអោយមានការកកស្ទះដល់អ្នកដទៃ ។

    មួយសន្ទុះក្រោយមក តៃកុងរថយន្តបានហៅរថយន្តឈូសដីធុនតូចមួយគ្រឿង មកជួយទាញ ដោយបានចងខ្សែកាប ទាញរថយន្តខ្សាច់ទំរាំទម្លាក់មកវិញបាន ដោយប្រើពេលជិតជាង២០នាទីដែរ ទើបអាចទម្លាក់ចុះមកវិញបាន ។

    ដូចនេះសូមស្នើរទៅដល់បងៗអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ធុនតូច និងធុនធំទាំងអស់ ពិសេសរថយន្តធុនធំដឹកខ្សាច់ដែលកំពុងដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ ផ្លូវ៣០ម៉ែត្រ និងផ្លូវ៦០ម៉ែត្របច្ចុប្បន្ននេះ មុននិងចេញដំណើរសូមតៃកុងរថយន្តនីមួយៗ គួរពិនិត្យមើលរថយន្តរបស់ខ្លួននេះអោយបានត្រឹមត្រូវជាមុនសិន ទើបបើកបរតាមដងផ្លូវនានាវាមិនបង្កគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នកដ៏ទៃឬខ្លួនឯងផងដែរ ពោលគឺការពារប្រសើរជាងព្យាបាល (សុវត្ថិភាពជាចម្បង) ដូចករណីរៀបរាប់ខាងលើនេះសំណាងហើយដែលមិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៏ទៃ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: